ម៉ូតូពីរគ្រឿងបើកលឿនបុកគ្នាពេញទំហឹង របួសធ្ងន់៣នាក់

កែបៈមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ ម៉ូតូពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ កាលពីថ្ងៃវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងលិចផ្លូវលំនៃទីស្នាក់ការគណបក្សហ៊្វុនស៊ីនប៉ិច លើផ្លូវលេខ៣៣ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

សមត្ថកិច្ចនគរបាលក្រុងកែបបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV 4022 បើកបរដោយឈ្មោះ ងយ ករុណា ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិឆើស ឃុំត្រឡាច ស្រុកត្រំាង ខេត្តតាកែវ ក្នុងល្បឿន លឿន បានជិះទៅបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា MSX ស៊េរីឆ្នាំ2017 ពណ៌ក្រហម ពាក់ស្លាកលេខ កែប 1A-5588 បើកបរដោយឈ្មោះ ខាន់ អេម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មុខរបរសិស្ស រួមដំណើរជាមួយ​ស្រី្តម្នាក់ទៀត រស់នៅភូមិឃុំដូចគ្នាហើយរងរបួសធ្ងន់ទាំង៣នាក់ ក្នុងល្បឿនលឿនដូចគ្នា ។ ជនរងគ្រោះទាំងអស់ត្រូវ​បាននគរ​បាលចរាចរក្រុងកែបដឹកយកទៅមន្ទីរពេទ្យ ឯកជនភូមិ​ដំណាក់ចង្អើរ។

បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃធំ រង់ចាំដោះស្រាយពេលក្រោយ៕ សំបូរ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *