ជាងសំណង់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីដំបូលផ្ទះកំពុងសាងសង់ស្លាប់

ព្រៃវែងៈ កម្មករសំណង់ម្នាក់ បានឡើងទៅលើដំបូលផ្ទះកំពុងសាងសង់ហើយប៉ះ​ជាមួយខ្សែភ្លើង បណ្ដាលឲ្យឆក់ធ្លាក់ដល់ដីបោកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧  នៅចំណុចផ្ទះកំពុងសាងសង់ ជាកម្មសិទ្ធរបស់ឈ្មោះ សៅ ឡត ភេទស្រី អាយុ៤៩ឆ្នាំ  ស្ថិតក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលស្រុកបាភ្នំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ភុយ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ មុនពេលកើតហេតុ ម្ចាស់សំណង់បានជូនកូនទៅមន្ទីរពេទ្យ ចំណែកក្រុមជាងកំពុងធ្វើការ នៅជាន់ក្រោមជា​ធម្មតា។លុះមកដល់ ពេលកើតហេតុជនរងគ្រោះ បានឡើងទៅជាន់លើដំបូលផ្ទះ ហើយបាន​ដើរទៅប៉ះនឹងខ្សែភ្លើងឆៅ បណ្តាលឲ្យឆក់ ធ្លាក់មកដីបោកក្បាលនឹងធ្នឹមថ្ម របងផ្ទះកើត​ហេតុស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូលផ្ទះកំពុងសាងសង់ប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *