
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់កំពុងជិះម៉ូតូសុខៗត្រូវជនសង្ស័យជាបុរស ធ្វើសកម្មភាពជះទឹកអាស៊ីតចំកណ្តាលមុខ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់បានគេចខ្លួនបាត់ស្រមោលភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលគេចខ្លួនមានឈ្មោះ ខៀវ វិសិដ្ឋសត្យា ហៅ ថៃយ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ (កំពុងគេចខ្លួន)។ ចំណែកជនរងគ្រោះមានឈ្មោះ ឌឿន ស៊ុនណារ៉ា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រងរបួសធ្ងន់ត្រង់ផ្ទៃមុខត្រូវបានគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូចេញមកពីក្នុងផ្ទះក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ លុះដល់ចំណុចមុខផ្ទះខាងលើ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពយកទឹកអាស៊ីតមកជះលើស្ត្រីរងគ្រោះបណ្តាលឲ្យរបួសពេញផ្ទៃមុខ និងរបួសត្រង់ដៃទាំងសងខាង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុសាច់ញាតិជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដើម្បីឲ្យកម្លាំងនគរបាលស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសចាត់ការតាមច្បាប់៕បញ្ញា