ព្រះសីហនុៈ អំពើហិង្សាដោយគំនុំមួយបណ្តាលឲ្យយុវជនម្នាក់ បានរងរបួសធ្ងន់ ហើយស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជនដៃដល់៣នាក់ជាគូបដិបក្ខ ប្រដាប់ដោយពូថៅ និងចបវាយមិនញញើតដៃ ដោយសារទំនាស់ពាក្យសម្ដីនាពេលកន្លងមក។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយក្រោយកើតហេតុ ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សួន ចន្ធូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ជុក។ ២.ឈ្មោះ ពិន ភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។ ៣.ឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៣មានទីលំនៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ទាំង៣នាក់ បានប្រើចបជីក និងពូថៅព្រមទាំងចបកាប់ បានវាយទៅលើជនរងគ្រោះឈ្មោះ អោម សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅដូចកន្លែងកើតហេតុ បណ្តាលឲ្យរបួសធ្ងន់ រួចបានស្លាប់តាមផ្លូវក្រោយពេលបញ្ជូនទៅមន្ទីពេទ្យខេត្តព្រះសីហនុ ដោយសារកន្លងមកជនរងគ្រោះ និងជនសង្ស័យកន្លងមកធ្លាប់ឈ្លោះគ្នា។
បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ
