


ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបានបញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ដែលជះទឹកអាស៊ីតលើប្រពន្ធចុងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា បុរសវ័យចំណាស់ជាប្តីមានឈ្មេាះ ខៀវ វិសិដ្ឋសត្យា ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ដោយឡែកស្ត្រីរងគ្រេាះជាចុងប្រពន្ធមានឈ្មេាះឌឿន សុនណារ៉ា អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្ដថា ប្តីប្រពន្ធមួយគូរនេះ គឺជាប្តីចុងនិងប្រពន្ធចុង ពោលគឺបុរសជាប្តីមានប្រពន្ធដើមដែលមានកូន៤នាក់ក្នុងបន្ទុក មកស្រលាញ់ស្ត្រីមេម៉ាយកូន៤ដូចគ្នា ដោយបានរួមរស់នៅជាមួយគ្នា៤ឆ្នាំកន្លងមក ។
ប្រភពបន្តថា មួយរយះក្រោយមកនេះ ស្ត្រីជាប្រពន្ធចុងបានសុំបុរសជាប្តីចុងបែកគ្នាជាច្រើនលើកច្រើនសារមកហើយ ដោយសារតែស៊ូទ្រាំនឹងការតាមរករេឿងពីសំណាក់ប្រពន្ធដើមរបស់បុរសជាប្តីញឹកញាប់មិនបាន តែត្រូវប្តីបដិសេធ និងមិនព្រមចាកចេញពីជីវិតនាងឡើយ ។ លុះវេលាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះជាប្រពន្ធចុងបានដេញជនសង្ស័យអោយចាកចេញពីផ្ទះ ហើយប្តីក៏ព្រមចាកចេញតាមសម្រួល ។រហូតមកទល់ល្ងាចថ្ងៃទី១៤ បុរសជាប្តីបានជិះម៉ូតូមកស្ទាក់ចាំនៅខាងមុខផ្ទះស្ត្រីរងគ្រោះ លុះនាងចេញមក ជនសង្ស័យក៏ធ្វើសកម្មភាពជះទឹកអាស៊ីតលើស្ត្រីជាប្រពន្ធចុង បណ្តាលអោយរងរបួសធ្ងន់ ហើយបុរសជាប្តីជិះម៉ូតូរត់គេចបាត់ស្រមោលតែម្តង ។
ក្រោយការគេចខ្លួន២ថ្ងៃ នៅព្រឹកថ្ងៃ១៦ ខែឆ្នាំដដែលជនសង្ស៏យបានទៅមើលស្ត្រីរងគ្រោះដល់មន្ទីរពេទ្យលោកសង្ឃក៏ត្រូវកម្លាំងនគរបាលចុះទៅចាប់ខ្លួនដល់ទីនោះបានភ្លាមៗតែម្តង៕បញ្ញា