





ភ្នំពេញ៖ ជនជាតិបរទេស២នាក់ និងខ្មែរម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្នប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិខ្មែរម្នាក់ បានដើរឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងទៅហាត់ប្រាណ ខណៈកំពុងដើរឆ្លងផ្លូវដល់ពាក់កណ្តាលផ្លូវ កស្រាប់តែមានបុរសជាជនជាតិបរទេស ២នាក់ ជិះម៉ូតូ ធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 1BA 5656 បានធ្វើដំណើរតាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុកបុរសដែលកំពុងតែដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យផ្លោងជិត១០ម៉ែត្រ បោកក្បាលផ្លូវហូរឈាមស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
ប្រភពដដែល បានបន្តទៀតថា បន្ទាប់ពីបុកអ្នកដើរឆ្លងផ្លូវហើយ ម៉ូតូរបស់ជនបរទេស បានរេចង្កូតជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-2816 មួយគ្រឿង ដែលចតទុកស្ងៀម នៅលើក្នុងទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជនជាតិបរទេសទាំងពីរនាក់ ហោះផ្លោងខ្ទាតចេញពីគ្នារៀងៗខ្លួន ហើយបាក់កស្លាប់នៅនិងកន្លែងទាំងពីរនាក់ថែមទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានធ្វើការវាស់វែងនៅកន្លែងកើតហេតុ ដោយបានអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ហើយសមត្ថកិច្ចក៏បានទំនាកទំនងទៅសាច់ញាតិជនរងគ្រោះមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕បញ្ញា