រតនគិរីៈរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន មេគង្គហ្គ្រីនខូអិលធីឌី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ពីក្រុងបានលុងទៅស្រុកអូរយ៉ាដាវ ក្នុងចំណុចភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគីរី កំពុងបំពុលបរិស្ថាន បង្កឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាប់នោះ ដោយធ្វើឲ្យមានក្លិនជ័រកៅស៊ូ និងក្លិនទឹកស្អុយសាយភាយចេញពីរោងចក្រនេះដល់លំនៅដ្ឋានរបស់ពួកគាត់ ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះបានឲ្យដឹងថា រោងចក្រកែច្នៃជ័រកៅស៊ូនេះបានបង្ក ជះក្លិនស្អុយជ័រកៅស៊ូចេញពីរោងចក្រយ៉ាងខ្លាំង ហើយមានជាតិអាស៊ីត ជ្រាបចូលក្នុងអណ្ដូងទឹក ធ្វើឲ្យការប្រើប្រាស់ទឹកអណ្ដូងរបស់ពួកគាត់មានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ទោះបីកន្លងមកប្រជាពលរដ្ឋ បានប្ដឹងទៅអាជ្ញាធរដែនដីជួយដោះស្រាយក៏នៅតែទៅមិនរួចឡើយ។
ចំណែកលោកស៊ី ម៉ៅ សមាជិកក្រុមប្រឹក្សាឃុំកក់បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅជិតនោះពិបាករស់នៅណាស់ ដោយសារតែក្លឹនស្អុយនេះ ម្យ៉ាងទៀតទឹកដែលដក់នៅខាងក្រោយរោងចក្រ ជាកន្លែងស្តុកទឹកនោះក៏កើតសត្វមូសច្រើនថែមទៀត ជាពិសេស គឺជាតិ អាស៊ីត ដែលគេបង្កកជ័រកៅស៊ូ បានជ្រាបចូលទៅក្នុងអណ្ដូងទឹក របស់ប្រជាពលរដ្ឋជិតនោះ ជាក់ស្ដែងអណ្ដូងទឹករបស់លោក ដែលបងប្អូនប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់ជាមួយ ៨គ្រួសារ ក៏ជាតិអាស៊ីតជ្រាបចូលដែរ ប្រើបានតែមុជទេ យកទៅផឹកឬដាំបាយមិនកើតទេ។
ទាក់ទិនបញ្ហានេះលោក ផុន ខេមរិន្ទ ប្រធានមន្ទីបរិស្ថានខេត្តរតនគិរី បានបញ្ជាក់ថា ជុំវិញបញ្ហាក្រុមហ៊ុននេះ លោកបានចុះអប់រំ ណែនាំរួចហើយ ពាក់ព័ន្ធទៅនឹងអនាម័យ បរិស្ថាន ដោយមិនអនុញ្ញាតឲ្យធ្វើអ្វី ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែនៅពេលថ្មីៗនេះ លោកមិនទាន់បានទទួលព័ត៌មានពីផលប៉ះពាល់នៅឡើយទេ តែបើមាន លោកនឹងចាត់កម្លាំងមន្ទីររបស់លោក ចុះទៅទីតាំងនោះ ដើម្បីពិនិត្យមើលថា តើផលប៉ះពាល់នេះដល់កម្រឹតណា នឹងធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត។
យ៉ាងណាប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុន ដែលមានឈ្មោះ មានយីហោត្រឹមត្រូវ មិនគួរធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូច្នេះទេ។ គេឃើញ ជ័រកៅស៊ូដែលមានក្លិនអាសោច ត្រូវបានគេដាក់ពាសវាល ពាសកាល មិនមានការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ ស្ថាប័ន្ធជំនាញពាក់ព័ន្ធ និង ក្រសួងគួរតែពិនិត្យឡើងវិញនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរោងចក្រកែច្នៃកៅស៊ូក្រុមហ៊ុនមួយនេះបង្កឡើង ដោយគ្មានការទទួលខុសត្រូវបែបនេះ ៕ សំបូរ
