ប្រទះឃើញស្រ្តីម្នាក់ដេកស្លាប់ក្នុងផ្ទះ សង្ស័យករណីប្លន់សម្លាប់យកលុយកាក់

 

 

 

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់លើពូកក្នុងផ្ទះ ហើយរបស់របរមួយចំនួនរាយបាយ សង្ស័យ មានគេសម្លាប់ប្លន់យកលុយកាក់ បន្ទាប់ពីកូនៗរបស់ជនរងគ្រោះចេញពីសាលារៀនមកដល់ទើបប្រទះឃើញ ឆោឡោផ្អើលអ្នកជិតខាង សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

សាកសពមានឈ្មោះ ឡេង មុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ចំណែកប្តីឈ្មោះ ហៀក ស៊ុក អាយុ៣៤ ឆ្នាំ បើកបររថយន្តដឹកដី មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។

តាមប្ន្បតាមប្រភព​ព៌ត៌​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីកូនៗ របស់ជនរងគ្រោះវិលពីសាលារៀនវិញ មកដល់ផ្ទះ រុញទ្វារចូល ស្រាប់តែប្រទះឃើញម្តាយ ដេកស្តូក ស្រែកយំហៅអ្នកជិតខាងមកមើល ទើបដឹងថា ដេកស្លាប់ របស់របរ មួយចំនួនរាយប៉ាយពេញផ្ទះ រួចទើបទូរស័ព្ទប្រាប់ប្តីរបស់ស្រ្តីរងគ្រោះដែលកំពុងចេញទៅបើកបររថយន្តដឹកដីបាត់ ។

បើតាមអ្នកជិតខាង បានឲ្យដឹងថា គ្រួសារខាងលើ កាលពីព្រឹកថ្ងៃទី២៣នេះ ប្តីរបស់ជនរងគ្រោះ បើករថយន្តដឹកដីចេញទៅបាត់ កូនៗ២នាក់ ក៏ចេញទៅសាលារៀនដែរ សល់តែស្រ្តីរងគ្រោះនៅផ្ទះម្នាក់ឯង ហើយគេឃើញបុរសម្នាក់ ចូលទៅជជែកលេង ជាមួយស្រ្តីរងគ្រោះ តែមិនបានដឹងថា ជាអ្នកណា ឬសាច់ញាតិ ហើយក៏ចេញទៅបាត់ រហូតដល់ កូនៗរបស់ជនរងគ្រោះ មកពីសាលារៀនវិញ ទើបប្រទះឃើញម្តាយដឹកស្លាប់ បង្កឲ្យឆោឡោតែម្តង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។

តាមបុរសជាប្តី បានឲ្យដឹងថា ប្រពន្ធខ្លួនទើបខ្ចីលុយគេ១មុឺនដុល្លា កាលពី៣ថ្ងៃមុន ដើម្បីយកមកធ្វើដើមរកសុី ហើយទើបតែចំណាយអស់១ពាន់ដុល្លា មិនដឹងថា មកដល់ថ្ងៃកើតរឿងបែបនេះ ប្លន់យកលុយ៩ពាន់ដុល្លា ឬយ៉ាងណានោះទេ ។

នៅកន្លែងកើតហេតុ មតិលើកឡើងផ្សេងៗគ្នា អ្នកខ្លះសន្និដ្ឋានថាជាករណីប្លន់សម្លាប់យកលុយ៩ពាន់ដុល្លា ព្រោះនៅខ្លួនជនរងគ្រោះមានស្លាកស្នាម និងរបស់របរក្នុងផ្ទះរប៉ាត់រប៉ាយ ខុសប្រក្រតី តែមតិខ្លះថាស្លាប់ដោយសារជម្ងឺខ្យល់គ ។

ទោៈជាយ៉ាងណាក្តី ករណីខាងលើ សមត្ថកិច្ចមិនទាន់កំណត់នៅឡើយ ថាជារឿងអ្វីឲ្យប្រាកដ រងចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យកោសល្យវិច័យជាមុនសិន ៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *