រថយន្តដឹកកម្មករបើកបុកម៉ូតូគុប បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅកន្លែង រួច​រត់​គេច​បាត់​ស្រមោល​

 

 

 

ភ្នំពេញ ៖ យុវជន២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងសោគសង្រេងជាទីបំផុត បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការងារ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផង ស្រាប់តែមានរថយន្តកូរ៉េដឹកកម្មករមួយគ្រឿង បើកច្រាសទិសបុកហើយកិន បន្ថែម កាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល បន្សល់ទុកតែដាន នៅនឹងកន្លែង ។
ជនរងគ្រោះទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុ ទី១ ឈ្មោះ ឆាន ហន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករបោចទា ស្នាក់នៅផ្ទះថៅកែ សង្កាត់ទឹកល្អក់១ ខណ្ឌតួលគោក មានស្រុកកំណើតភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ ឈ្មោះ យ៉ុម យ៉េក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិតាលន់ ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ផ 3572 ភព1 ។ ចំណែករថយន្តបង្ក គ្រាន់តែដឹងថារថយន្តកូរ៉េ ដឹកកម្មករ ក្រោយកើតហេតុ បើកគេចបាត់ស្រមោល ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលចំណុចខាងលើ មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ជនរងគ្រោះ ជិះម៉ូតូឌុបគ្នាចេញពីបោចមាន់ ទា នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ក្នុងគោលបំណងឆ្ពោះទៅ ផ្ទះថៅកែវិញ នៅសង្កាត់ទឹកល្អក់១ ដោយធ្វើដំណើរកាត់តាមផ្លូវខាងលើ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីកើតទៅលិចច្រាសទិសគ្នា បុកហើយកិន បណ្តាលឲ្យស្លាប់ទាំង២នាក់ នៅកន្លែងរហើយរថយន្តបង្កបើករត់គេចបាត់ បន្សល់ទុកតែស្លាកស្នាមកាងរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះ សមត្ថកិច្ចជំនាញចុះពិនិត្យស្លាកស្នាមរួច ទំនាក់ទំនងទៅក្រុមគ្រួសារ មកដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកម៉ូតូ នគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីធ្វើការស្រាវជ្រាវបន្ត ៕៩៨ សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *