ខេត្តមណ្ឌលគិរី ៖ ប្រភពពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយៈកន្លងទៅនេះមេឈ្មួញ តុប វីដា ដែលជាឧត្តមសេនីយ៍យោធា និងជាមេបញ្ជាការរងយោធាយោធភូមិភាគ១ ព្រមទាំងឈ្មួញឈ្មោះ ហាក់ សុគា កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យដោយគ្មានស្ថាប័នណាហ៊ានបង្រ្កាបឡើយ ។
ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ តុប វីដា ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើជាយូរមកហើយ និងមេឈ្មួញ ហាក់ សុគា ដែលជ្រកក្រោមស្លាកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃកំពុងរត់ការដឹកជញ្ជូនឈើពីប្រទេស ឡាវ ឆ្លងកាត់ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូនបន្តចេញទៅស្រុកយួនយ៉ាងរលូន គ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការ ទប់ស្កាត់ឡើយ។
ប្រភពពីសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង ក៏បានឲ្យដឹងដែរថាឈ្មោះ ហាក់ សុគា ដែលជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ធ្លាប់ជាមេការប្រមូលទិញឈើឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នាពេលកន្លងមកផងដែរ។ ឥឡូវនេះឈ្មួញឈ្មោះ ហាក់ សុគា ដែលមានតួនាទីជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កំពុងប្រើតួនាទីនិងអំណាចធ្វើជាឈ្មួញកណ្ដាលក្នុងការប្រមូលប្រជាពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើយកមកលក់ឲ្យខ្លួន ហើយឈើទាំងនោះត្រូវលក់បន្តទៅឲ្យមេឈ្មួញ តុប វីដា ដើម្បីដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការដែលមេឈ្មួញឈ្មោះ ហាក់ សុគា អាចធ្វើអ្វីស្រេចតែអំពើចិត្តគឺមានការឃុបឃិតគ្នាជាមួយមេរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះផងដែរ។
ប្រភពដដែលឲ្យដឹងទៀតថា មេឈ្មួញ ហាក់ សុគា និងមេឈ្មួញ តុប វីដា កំពុងរត់ការដឹកឈើពីប្រទេសឡាវ ឆ្លងកាត់ខេត្តស្ទឹងត្រែង យកទៅលក់នៅលក់នៅស្រុកយួនរាប់ពាន់ម៉ែត្រគូបរួចទៅហើយ។ រាល់សកម្មភាពរបស់ឈ្មួញទាំង២នាក់នេះ គ្មានមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទប់ស្កាត់នោះទេ ព្រោះទាំងមេឈ្មួញ តុប វីដា និងមេឈ្មួញ ហាក់ សុគា សុទ្ធតែមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា សូម្បីតែគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ក៏រក្សាភាពស្ងៀមស្ងាត់មិនហ៊ានក្អកទេ។
ទាក់ទិនរកស៊ីដឹកឈើទៅវៀតណាមនេះ MCN.news មិនអាចសុំការបំភ្លឺពីមេឈ្មួញបានទេ ព្រោះគ្មានទូរសព័្ទទាក់ទង ៕ សំបូរ
