ចាញ់បោក អស់លុយ៩៥០ដុល្លារ​ ល្បិចឈ្នះ​រង្វាន់​ធំ​១ម៉ឺនដុល្លារ » ទៀតហើយ

ភ្នំពេញ ៖ល្បិចឆបោកតាមប្រព័ន្ធទូរស័ព្ទតាមរយៈត្រូវរង្វាន់ពីក្រុម ហ៊ុននេះ ក្រុមហ៊ុននោះ ត្រូវបានក្រុមជនសង្ស័យ១ក្រុមទៀតប្រើវិធីយកលុយពីជនរងគ្រោះរាប់ពាន់រាប់ម៉ឺនដុល្លារយ៉ាងស្រួល បើទោះបីកន្លងមក កម្លាំងសមត្ថកិច្ច​ជំនាញស្រាវជ្រាវបង្ក្រាប​ចាប់ខ្លួនបានជនសង្ស័យ​មួយក្រុមយកទៅញាត់​ពន្ធ​ធនាគារ​ហើយក៏ដោយ  ។

ជាក់ស្តែងកាលពី​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ យុវជន​ម្នាក់​ឈ្មោះឃុ​ល វាសនា ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់​ភេសជ្ជៈ មាន​ទីលំនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ដែលខំ​រកស៊ី​លក់ដូរ​ទម្រាំ​សន្សំ​លុយកាក់សល់​បាន​បន្តិចបន្តួច បានមក​ចាញ់ល្បិចក្រុម​ឆបោក តាមរយៈ​ទូរស័ព្ទ «លោកអ្នក​ឈ្នះ​រង្វាន់​ធំ នូវ​ទឹកប្រាក់១ម៉ឺន​ដុល្លារ» ពី​ធនាគា​អេស៊ីលីដា ទាមទារ​ឲ្យ​ផ្ញើ​លុយ​ដើម្បី​ធ្វើឯកសារ រត់ការ​ទៅ​បើក​រង្វាន់​ល្ងាច​ថ្ងៃនេះ។ ផ្ទុយទៅវិញ​លុយ៩៥០ដុល្លារ ត្រូវក្រុមឆបោកមិនស្គាល់មុខបោក​គ្មាន​ក្តីមេត្តាដោយ​គេប្រើល្បិចឲ្យយុវជនរូបនេះផ្ញើលុយតាមវីងជាបន្តបន្ទាប់ តែពេលបានផ្ញើ លុយចំនួន៩៥០​ដុល្លារហើយ ស្រាប់តែក្រុមជនសង្ស័យផ្តាច់ការ​ទំនាក់ទំនងតាមទូរស័ព្ទលែងបាន។ទីបំផុត ជនរងគ្រោះបានត្រឹមកាន់ប័ណ្ណផ្ញើលុយទៅក្រុមជនសង្ស័យចំនួន៣សន្លឹកមានទឹកប្រាក់ចំនួន៩៥០ដុល្លារទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបឲ្យជួយធ្វើអន្តរាគមន៍តែប៉ុណ្ណោះ ។

តាម​សម្តី​ជនរងគ្រោះប្រាប់សមត្ថកិច្ចឲ្យ​ដឹងថា នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គាត់បានទទួល ​ទូរស័ព្ទ ពីជនអនាមឹកម្នាក់ដែលអួតខ្លួន​ថាគេជា​ភ្នាក់ងារ ក្រុមហ៊ុន​អេ​សុ​ី​លីដា ដោយ​ប្រាប់ថា« លោកអ្នក​ឈ្នះ​នូវ​រង្វាន់​ធំ​មហាសាល នូវ​ទឹកប្រាក់១ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ពី​ធនាគា អេស៊ីលីដា» ។គ្រាន់តែ​ឮថា​ឈ្នះ​រង្វាន់​ធំ១ម៉ឺន​ដុល្លារភ្លាម គាត់ត្រេកអរ​សឹងហោះ​និងគិតថា ពីថ្ងៃនេះទៅមិនចាំបាច់​លក់​ទឹកក្រូច ភេសជ្ជៈ​ទៀត​ទេ។បន្ទាប់មកជននោះនិយាយ​បញ្ចុះបញ្ចូល ទាមទារយកលុយពីគាត់ដើម្បីទៅ​រត់​ឯកសារ បើក​រង្វាន់ មហាសាល​ខាងលើ ចំនួន១ពាន់​ដុល្លារជា​មុនសិន។ដោយសារខំទុកចិត្ត គាត់ក៏ ផ្ញើ​លុយ តាមរយៈ​លេខ​ទូរស័ព្ទ 086 403661 និង 086 230693 ចំនួន៤ដង​អស់លុយសរុប៩៥០ដុល្លារ លុះ​លើកចុងក្រោយ ភាគី​ជន​ឆបោកបានទាមទារ​លុយ១៥០ដុល្លារ​ទៀត តែ​គាត់អស់លុយពីខ្លួនក៏​ដើរ​ខ្ចីលុយ​គេ​បម្រុងផ្ញើ​ទៅម្តងទៀត។លុះដើរខ្ចីលុយគេមិនបាន គាត់ក៏​និយាយរឿងរ៉ាវនេះប្រាប់​គេ ទើប​ភ្ញាក់ខ្លួន ព្រោះគេប្រាប់ថា គាត់​ចាញ់ល្បិច​គេ​ហើយគ្រាដែល ទូរស័ព្ទ២ខ្សែ​របស់​ភាគី​ខាង​លើនេះ ត្រូវបាន​បិទ ទាក់ទងលែងបាន។

យ៉ាងណាសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបបានត្រឹមទទួលពាក្យបណ្តឹង និងបានរាយការណ៍​ទៅសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃធ្វើការសញរាវជ្រាវប៉ុណ្ណោះ ព្រោះថា កន្លងមកក្រុម​ឆបោក​រូបភាពបែប​នេះ ត្រូវបាន​កម្លាំង​ជំនាញ ស្រាវជ្រាវ បង្ក្រាប​ចាប់ខ្លួនបាន​មួយក្រុម ញាត់​ពន្ធ​ធនាគារម្តង​ហើយ។ ម្តងនេះគេ​រង់ចាំ​មើលថាតើកម្លាំង​ជំនាញ​ស្រាវជ្រាវ តាម​ចាប់​បង្ក្រាប​ក្រុម​បោកប្រាស់ថ្មី​នេះ​បានដែរ​ឬ​យ៉ាងណា?

ក្នុងករណីបែបនេះ សមត្ថកិច្ចបានអំពាវនាវសូម ​បងប្អូនប្រជាពលរដ្ឋ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​កុំចាញ់បោកក្រុមនេះតទៅទៀត៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *