រថយន្តបុកម៉ូតូស្លាប់បុរសម្នាក់រួចគេចខ្លួនបាត់ នៅខេត្តកំពង់ធំ

0
136

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ រថយន្តបុកអ្នក ជិះម៉ូតូ ដួលលើទ្រូងផ្លូវ ក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅ​នឹងកន្លែងយ៉ាងអាណោច​អាធ័ម ឯរថយន្តបង្កបើកគេចបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៧៥-១៧៦ ក្នុងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សាក្សីនិយាយថា រថយន្តបង្កម៉ាកតូយ៉ូតា កាមរី ឆ្លាម ពណ៌ប្រផេះ មិនស្គាល់ស្លាកលេខនិងអ្នកបើកបរ ។​ រថយន្តនេះបើកបរតាមផ្លូវជាតិលេខ៦ពីកើតទៅលិចហើយពេលបើកមកដល់ចំណុចកើតហេតុបានមកបុកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AW.6513 អ្នកបើក​បរដោយបុរសម្នាក់ដែលគេមិនស្គាល់ ឈ្មោះនិងទីកន្លែងស្នាក់នៅបណ្តាលឲ្យបុរសនេះ ស្លាប់នៅកន្លែងកើតហេតុ ខណៈគាត់បើកម៉ូតូច្រាសទិសគ្នាពីលិចទៅកើត ។ចំណែករថយន្របង្ក ក្រោយកើតហេតុបែបនេះបានរត់គេចខ្លួនបាត់ស្រមោល។

សាក្សីបានឲ្យដឹងទៀតថាមូលហេតុដែលបណ្តាលឲ្តគ្រោះថ្នាក់បែបនេះគឺដោយសារអ្នកបើកបររថយន្តកាមរី ឆ្លាម បើកជែងរថយន្តមួយគ្រឿងពីមុខក្នុងស្ថានភាពគ្រោះថ្នាក់រួចជ្រុលទៅបុកម៉ូតូជនរងគ្រោះទាំងកំរោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុក កំពងស្វាយទៅដល់វាស់វែង
និងយកវត្ថុតាងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។ រីឯសាកសពសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយក  ទៅធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here