

ខេត្តកំពត៖អំពើឃាតកម្មដ៏សាហាវដែលសង្ស័យខឹងចេះអំពើអាបធ្មប់ បុរសម្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវគេសម្លាប់ដោយកាត់ក្បាលយកទៅបាត់នោះពេលនេះ ជនដៃដល់ជាឃាតកចំនួន២នាក់ ដែលបានសម្លាប់ និងកាត់ក្បាល បុរសចំណាស់ កាលពី ៤ថ្ងៃមុន នៅខេត្តកំពត ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ឃាត់ខ្លួន មុខផ្សារលើធំថ្មី ក្រុងសៀមរាប នៅម៉ោង ៥ល្ងាច ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់៖ អំពើឃាតកម្មដ៏សាហាវមួយ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបុរសម្នាក់ ត្រូវជនដៃដល់សម្លាប់ដោយ កាត់ក្បាលចោល នៅសល់តែដងខ្លួនប៉ុណ្ណោះ។
អំពើឃាតកម្មខាងលើនេះ បានកើតឡើងនៅចំណុចខ្ទមចាំដីស្រែរបស់ជនរងគ្រោះ ក្នុងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧។
នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ថា តាមការស្រាវជ្រាវលើអំពើឃាតកម្មនេះ ជាជំហានបឋម គឺមូលហេតុជារឿងគំនុំ ដោយជនដៃដល់ខឹងជនរងគ្រោះចេះអាបធ្មប់ ហើយធ្លាប់ធ្វើឲ្យមនុស្សជាច្រើនរងគ្រោះដែលនាំឲ្យមានការសម្លាប់បែបនេះ។
យ៉ាងណាក៏ដោយ លោកស្នងការបានបញ្ជាក់ថា នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលបានប្រាប់មកសមត្ថកិច្ចរបស់លោក ប៉ុន្តែនេះអំពើឃាតកម្មសម្លាប់មនុស្ស គឺកម្លាំងរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។
បើតាមលោកស្នងការ ជនរងគ្រោះឈ្មោះ អយ សុខ អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះត្រូវបាន ជនល្មើសមិនស្គាល់អត្តសញ្ញាណ កាត់ក្បាលចោល ហើយយកក្បាលទៅបាត់ នៅសល់តែដងខ្លួន នៅកន្លែងកើតហេតុ ប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅក្នុងភូមិបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគ្រាន់តែទៅអង្អែលខ្នងគេ ក៏អាចធ្វើឲ្យគេឈឺបានដែរ ហើយនៅពេលមានអ្នកភូមិបូជាសពនោះ ជនរងគ្រោះតែងតែទៅរើសឆ្អឹងខ្មោចយកមកស៊ីទៀតផង៕បញ្ញា