ខេត្តកណ្តាល៖ កុមារីរងគ្រោះម្នាក់ចេញពីផ្ទះទៅរៀន គ្រូមិនបង្រៀននាំមិត្តភ័ក្ដិរួមថ្នាក់ដើរលេង តែជួបអកុសល លង់ទឹកស្លាប់បន្សល់ទុក្ខសោកដល់ឪពុកម្ដាយហូរទឹកភ្នែកមិនអស់ចិត្តសោះ។ហេតុការណ៍នេះបានកើតកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ១៥៖២០នាទីរសៀលស្ថិតនៅចំណុច ក្នុងទឹកប្រឡាយ ទំនប់៣៨ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំ ពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឆន ចរិយា ហៅ នីតា ភេទស្រី អាយុ១២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សាលាបឋមសិក្សាពិជ័យសាគរ មានទីលំនៅៗភូមិក្បាលជ្រោយ ឃុំពោធិបាន ស្រុក កោះធំ ខេត្ត កណ្តាល។
តាមប្រភពពត៌មានពីម្តាយរបស់កុមារីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់បានជិះកង់ចេញពីផ្ទះ មកសាលារៀន នៅវត្តពិជ័យសាគរ ស្ថិតក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុក កោះធំ ខេត្ត កណ្តាល ។ លុះមកដល់សាលារៀន នៅវេលាម៉ោង ១៤៖៣០នាទីរសៀល លោក គ្រូមិនបង្រៀន កូនសិស្ស មានគ្នា ២១នាក់ មានស្រី មានប្រុស បាននាំគ្នាជិះកង់ ទៅលេងនៅ ទំនប់ ៣៨ ខាងក្បូងទួលព្រះរាជា ស្ថិតក្នុងភូមិ ព្រែកតារ័ត្ន ឃុំពោធិបាន ស្រុក កោះធំ ពេលទៅដល់ទំនប់ ៣៨ ក៍នាំគ្នាចុះងូតទឹកប្រឡាយ ខាងជេីងទំនប់ ដែលមានជំរៅ ២ ម៉ែត្រ៥០ ពេលងូតទឹករួចក៏នាំគ្នាឡេីងលេីគោគវិញ បានបន្តិច ជនរងគ្រោះក៏ចុះទៅងូតទឹកម្នាក់ឯងម្តងទៀត រួចលង់លេីកដៃឡេីង តែមិត្តភ័ក្តិទៅជាមួយ នឹកស្មានតែជនរងគ្រោះធ្វេីលេង ដោយបាត់យូពេក ឈ្មោះ សៀន សុខអាន ភេទ ប្រុស អាយុ ១១ ឆ្នាំ ជាសិស្សរួមថ្នាក់ ចុះមុជរាវតែមិនឃេីញ ក៏ហៅអ្នកស្រុកនៅជិតកន្លែងកេីតហេតុ អោយជួយមុជរាវ ទេីបឃេីញជនរងគ្រោះ តែជនរងគ្រោះបានស្លាប់បាត់ ទៅហេីយ។បន្ទាប់មកក៏ផ្តល់ដំណឹងទៅក្រុមគ្រួសារជនរងគ្រោះ រួចក្រុមគ្រួសារ បានមកយកសាកសពជនរងគ្រោះទៅលំនៅដ្ឋាន រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍ ។
ក្រោយពីបានទទួលពត៏មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ក្រុមគ្រួសារសព នឹងផ្នែកជំនាញ ដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាៈជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាលង់ទឹកបណ្តាលអោយស្លាប់ ប្រាកដមែន ។
ក្រោយការពិនិត្យរួចកម្លាំងនគរបាលបានអនុញ្ញាតិប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត