







ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយរថយន្ដឡិចស៊ីសRX300 បើកបុករថយន្ដធន់ធំមួយគ្រឿងឈប់ចតនៅលើផ្លូវ បណ្ដាលអោយបុរសម្នាក់កៀបជាប់នៅក្នុងរថយន្ដស្លាប់បាត់បង់ជីវិតយ៉ាងនិងបុរស៤នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាបមានឈ្មោះ ឆៃ សេងហាក់ អាយុ២៦ ឆ្នាំស្នាក់នៅភូមិសណ្ដោយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះរងរបួសទី១-ឈ្មោះ វ៉ា វណ្ណា អាយុ២៧ ឆ្នាំមុខរបរ អង្គការ ស្នាក់នៅភូមិ តានី ឃុំក្រាំងចេក ស្រុកឧត្ដុង ខេត្ដកំពុងស្ពឺ ។ទី២-ឈ្មោះ ឃុយ ខេមរិន អាយុ២៣ឆ្នាំ ទី៣-ឈ្មោះ ហែម វសនា អាយុ២៦ ឆ្នាំ និងទី៤-ឈ្មោះ រក្សា វង្ស អាយុ២៧ ឆ្នាំ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ2AB-0962 ដែលធ្វើដំណើរក្នុងរថយន្ដមាន៥នាក់ពីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបុកគូថរថយន្ដធនធំដឹកទំនិញរបស់ក្រុមហ៊ុន កងដឹកជញ្ជូន H.C 035 ដែលពាក់ស្លាកលេខស្វាយរៀង 3A- 0562 ពីក្រោយពេញមួយទំហ្នឹងបណ្ដាលអោយរថយន្ដកៀបជាប់ក្នុងរថយន្ដ២នាក់និង៣នាក់ទៀតត្រូវរថយន្ដដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្ដង ។ ដោយឡែករថយន្ដធន់ធំមិនបាននៅកន្លែងកើតហេតុនោះទេបានបើកមកដល់រង្វង់មូលទើបចតទុកចោលរួចតៃកុងរថយន្ដចុះរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបានបន្ដថា បុរស២នាក់ដែលកៀបជាប់ក្នុងរថយន្ដនោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្ដ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញហើយបញ្ជូនទៅមន្ទីរ ពេទ្យ ចំណែកអ្នកស្លាប់កៀបជាប់នៅក្នុងរថយន្ដត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមសង្គ្រោះបន្ទាន់៧១១ មកគាស់យកសាកសពចេញពីរថយន្ដ ហើយទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅនគរបាលជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកអូស រថយន្ដទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕បញ្ញា