ផ្ទុះអាវុធជាច្រើនគ្រាប់របួសមនុស្សម្នាក់នៅ ក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock

ភ្នំពេញៈ នាវេលាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ​ ​។

ចំពោះមូលហេតុនៃការបាញ់ក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នេះ មិនទាន់មានការបញ្ជាក់ ពីមូលហេតុនៅឡើយទេ ហើយសូម្បីតែអ្នកកាសែតទៅថតយកព័ត៌មាននេះ ក៏ត្រូវ សន្តិសុខនៅក្នុងមជ្ឈមណ្ឌល Rock ចាប់បោកកាមេរ៉ា និងទូរស័ព្ទចោល ដោយពោលពាក្យថា “គ្មាននរណាធំជាងខ្លួនឡើយ សូម្បីមេប៉េអឹម”។ គេគ្រាន់តែសង្ស័យថា អាចកើតចេញពីទំនាស់ក្នុងការផឹកស៊ី របស់ភ្ញៀវតែប៉ុណ្ណុះ ។

យ៉ាងណាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន លោក ឃួន សំអុល ប្រាប់ ថា ពិតជាមានករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នាព្រឹកនេះប្រាកដមែន គ្រាដែលអធិការនគរបាលខណ្ឌចំការមន លោក យិន សាន បដិសេធដោយឆ្លើយថា លោកមិនបានទទួលដំណឹងនេះទេ។

លោកឃួន សំអុល ប្រាប់ថា មនុស្សម្នាក់ បានរងរបួស ហើយត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ជាមួយគ្នា សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ ជាអ្នកចាក់ភ្លេងនៅក្នុងមជ្ឈមណ្ឌល រ៉ុក យកទៅបញ្ជាការមូលដ្ឋានកងរាជអាវុធ​ហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរផងដែរ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *