





រាជធានីភ្នំពេញ ៖ រថយន្តសម្រាប់ដឹកទូកុងតឺន័រ១គ្រឿងបានបើកបុកអ្នករត់ម៉ូតូកង់បី បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចបានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀត បណ្ដាលឲ្យរងរបួធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង២០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១កែងផ្លូវបេតុងបឹងតាម៉ាត ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផឹង ដន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមនៅហ្នឹងកន្លែងកើតហេតុតែម្តង ។ចំណែករថយន្តបង្ក ម៉ាកនីស្សាន់ពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ3B-4559 ជារថយន្តរបស់ក្រុមហ៊ុននាគខៀវ បើកបរដោយយុវជនម្នាក់ឈ្មោះអឿ លុច អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃថី ឃុំរកា ស្រុកស្អាង ខេត្តកណ្ដាល។ជននេះត្រូវបានឃាត់ខ្លួន រួមជាមួយព្រូម្នាក់ឈ្មោះផាន ផាត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ដោយឡែកម៉ូតូរងគ្រោះ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1CX-7142 ត្រូវរថយន្តបុកបណ្ដាលឲ្យអ្នកជិះរងរបួស។
ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូកង់បីបានបើកបរចេញពីផ្លូវបេតុងបឹងតាម៉ាតពីកើតទៅលិច រីឯរថយន្តបើកបរពីត្បូងទៅជើងលើផ្លូវ២១៧នោះ នៅពេលមកដល់ចំណុចកើតហេតុស្រាប់តែបុកម៉ូតូកង់បីធ្វើឱ្យអ្នកបើកបរម៉ូតូកង់បីស្លាប់គួរឱ្យរន្ធត់ ហើយថែមទាំងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតធ្វើឱ្យអ្នកបើកបរម៉ូតូរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំពោះអ្នកបើកបររថយន្តសម្រាប់ដឹកទូរកុងតឺន័រត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរបន្ត ៕បញ្ញា