





ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូស្កូបពីមួយគ្រឿងពេលដែលឃើញឱកាសល្អមានសោរនៅជាប់ម៉ូតូ ខណៈដែលម្ចាស់ទុកនៅក្នុងផ្ទះតែត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោដេញចាប់បានភ្លាមៗវាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ចយកមកសួរនាំ។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០២និង០០នាទីរសៀល ថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សួង សារី ភេទប្រុស អាយុ១៧ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងមានមុខរបរជាកម្មករសំណង់។ ដោយឡែកជន រងគ្រោះឈ្មោះ ទិត្យ ប៉ាន់យ៉ា ភេទប្រុស អាយុ២៩ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ ចំណែកម៉ូតូជនរងគ្រោះម៉ាក ហុងដាស្កុបពី០១៣ ដែលពាក់ស្លាកលេខភ្នំពេញ1BL-3672 ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងអង្គុយលេងក្នុងផ្ទះហើយម៉ូតូគឺប្អូនរបស់គាត់ទើបតែជិះមកពីទីញបាយហូបដោយមិនដកសោរចេញពីម៉ូតូនោះទេ។មួយសន្ទុះក្រោយមកក៏មានជនសង្ស័យម្នាក់បានដើរចូលក្នុងផ្ទះឃើញមានសភាពស្ងប់ស្ងាត់និងឃើញមានសោរទៀតនោះក៏ឡើងជិះលើម៉ូតូបញ្ឆេះម៉ូតូបំរ៉ុងលួចតែម៉ូតូមិនឆេះក៏ត្រូវគាត់ឃើញទាន់ស្រែកផ្អើលឆោឡោដេញចាប់បានភ្លាមៗតែម្ដង។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលយកមកសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕បញ្ញា