មេក្លោងចែកចាយគ្រឿងញៀន ជាប់ពន្ធនាគារបានមួយរយៈ ចេញមកវិញបន្តសកម្មភាព​ជាប់​ខ្នោះ​សមត្ថកិច្ច​

 

 

 

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ «ក៧» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ តាមចាប់មេក្លោងចែកចាយគ្រឿងញៀនម្នាក់ រហូតឈានទៅដល់ការចុះឆែកឆេរផ្ទះស្នាក់នៅ ដោយរកឃើញថ្នាំញៀន ដាវសាំម៉ូរៃ ម៉ូតូ និងបញ្ជីអ្នកជំពាក់លុយរឿងទិញថ្នាំញៀន មួយចំនួនផងដែរ។

មន្រ្តីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការខាងលើនេះ បានលួចបង្ហើបប្រាប់ថា ជនសង្ស័យរូបនេះដែលមានឈ្មោះ ស៊ុន កាស៊ី អាយុ៣៥ឆ្នាំ គឺជាមេខ្លោងក្រុមជួញដូរ គ្រឿងញៀន ហើយត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន កាលពីចុងខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗ រហូតតុលាការចេញដីកាឃុំខ្លួន ប៉ុន្តែស្រាប់តែជាប់មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវបានដោះលែង រួចក៏បន្តសកម្មភាពដដែល។

លោកឧត្តមសេនីយ៍ទោ អ៊ឹង ហាវ​ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួននៅភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួចបន្តចុះទៅឆែកឆេក្នុងផ្ទះ ដោយរកឃើញថ្នាំញៀនជាង២០កញ្ចប់ ដាវសាំម៉ូរៃ ម៉ូតូ និងមានក្រដាសបញ្ជីអ្នកជំពាក់លុយរឿងទិញថ្នាំញៀនទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀនចំនួន៣នាក់ ដោយដកហូត៧កញ្ចប់ធំល្មម និង២កញ្ចប់ធំរួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ស្ថិតនៅបន្ទប់ជួល នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕៩៨

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *