





ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿងបានក្រឡាប់និងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបោះពួយក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវដែកមួយកន្លែង ហើយស្របពេលនឹងរថភ្លើងបើកកាត់ជ្រុលបុកចំពាក់កណ្តាលអោយក្រឡាប់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២នឹង៤៥នាទី នៅផ្លូវរថភ្លើងខ្សែខេត្តព្រះសីហនុ រាជធានីភ្នំពេញ ត្រង់ចំណុចកែងផ្លូវបេតុងវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់នោះម៉ាកនីស្សាន់ពណ៌សលាយលឿង ពាក់ស្លាកលេខចង្កូតស្ដាំPP-0641បើកបរដោយបុរសម្នាក់ឈ្មោះ ហិន ឌឿន អាយុ៣៦ឆ្នាំ ស្នាក់មានស្រុកកំណើតនៅក្នុងភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នកបើកបររថយន្តខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តចេញពីអាកាសយនដ្ឋានអន្តរជាតិភ្នំពេញ ក្នុងបំណងទៅដឹកខ្សាច់នៅគីឡូម៉ែត្រលេខ៩ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ដោយបានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ឃើញរនាំងហាមឃាត់ឆ្លងកាត់ផ្លូវដែកអត់បិទ គាត់ស្មានថាអត់មានរថភ្លើងឆ្លងកាត់ ម្យ៉ាងទៀតមើលអត់ឃើញផង ហើយពេលបើកទៅជិតដល់ផ្លូវដែក ទើបឃើញរថភ្លើង។ពេលនោះគាត់បានខំសាងលេខ ដើម្បីបន្ថែមល្បឿនដែរប៉ុន្តែឆ្លងមិនផុតក៏ត្រូវបានរថភ្លើងបុកចំពាក់កណ្ដាលខ្លួន បណ្ដាលឲ្យខ្ទាតទៅមុខចម្ងាយប្រហែល៨ម៉ែត្រ ក្រឡាប់តែម្ដង បន្ទាប់មករថភ្លើងបានបន្តដំណើរទៅបាត់ស្រមោល។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលដែលចុះទៅកន្លែងហេតុការណ៍បានឲ្យដឹងថា រថយន្តខាងលើបានក្រឡាប់សង្កត់លើបង្គោលរនាំងហាមឃាត់ឆ្លងកាត់ផ្លូវដែកនិងខ្សែភ្លើង ប៉ុន្តែសំណាងណាស់ដែលអ្នកបើកបរមិនមានគ្រោះថ្នាក់កើតឡើង ហើយក៏មិនបានរត់ទៅណាដែរ គាត់ស្ថិតនៅក្បែររថយន្តរបស់គាត់។បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយជំនាញចរាចរណ៍រាជធានីភ្នំពេញ ស្ទូចរថយន្តនោះទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕សារ៉េត