



ភ្នំពេញ ៖ ជម្លោះរវាងមន្ត្រីអាវុធហត្ថម្នាក់ និងបុរសជាអ្នករត់រ៉ឺម៉កពិការជើងបានផ្ទុះជម្លោះដាក់គ្នាយ៉ាងខ្លាំង រហូតខាងប៉េអឹមបានដកកាំភ្លើងមកគំរាម។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៧ស្ថិតនៅផ្លូវលំក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា បុរសជាអ្នករត់រ៉ឺម៉កម៉ូតូ ម្នាក់មិនបានស្គាល់ឈ្មោះរស់នៅផ្ទះជួលក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ រីឯបុរសជាមន្ត្រីអាវុធហត្ថមិនស្គាល់ឈ្មោះដូចគ្នាជិះម៉ូតូម៉ាកនិច ពណ៌ ស អត់ស្លាកលេខ។
តាមប្រភពពីបុរសអ្នករត់រ៉ឺម៉កម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានរ៉ឺយ៉ែរ៉ឺម៉កម៉ូតូដាក់នៅមុខផ្ទះជួល ស្រាប់តែបុរសដែលអះអាងថា ខ្លួនជាប៉េអឹមបានស្រែកដាក់គាត់ ធ្វើឱ្យគាត់ខឹង ហើយបានស្រែកតបទៅវិញ បង្កឱ្យប៉ះសម្តីគ្នាហើយត្រូវបុរសប៉េអឹមនោះ បានដកកាំភ្លើងរ៉ូឡូមកគំរាមរូបគាត់ថា អញប៉េអឹម ឯងចង់ខ្លាំងអី តែរូបគាត់មិនខ្លាចឡើយ ទោះគាត់ពិការជើងទាំង២ក៏ដោយ ក៏គាត់មិនខ្លាចដែរ ហើយបានឱ្យប្រពន្ធរត់ទៅប្តឹងសមត្ថកិច្ចផងដែរ ។
បើតាមសំដីបុរសម្នាក់តាំងខ្លួនអាវុធហត្ថក៏បាននិយាយវិញដែលថា នៅមុនពេលកើតហេតុ រូបគាត់ទើបចេញមកពីកម្មវិធីផ្ទះមិត្តភ័ក្ដហើយបានត្រឡប់ទៅគោលដៅនៅទួលគោកវិញ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញបុរសរត់រ៉ឺម៉កម៉ូតូមានជំលោះជាមួយគ្រួសារ ហើយគាត់បានលាន់មាត់ ហ៊ឺដាក់
រ៉ឺម៉កម៉ូតូបិទទទឹងផ្លូវម៉ក ។បន្ទាប់មក បុរសរត់រ៉ឺម៉កម៉ូតូបានស្រែកដាក់គាត់ថា ម៉េចឯងថាម៉េច មើលឈប់សិន បន្ទាប់មក រូបគាត់បានឈប់ម៉ូតូ ហើយដើរទៅសួរនាំ ចង់ម៉េច ក៏បានទាស់សំដីគ្នា ដោយភាគីបុរសរត់រ៉ឺម៉កម៉ូតូបានយកដុំថ្មរកគប់គាត់ ទើបគាត់បានដកកាំភ្លើង តែមិនបានគំរាមឡើយ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុសិ្ត៍ចោមចៅ បានមកសម្របសំរួលនៅកន្លែងកើតហេតុ ដោយស្វែងយល់ទាំងសងខាង គឺចង់ឈ្នះរៀងៗខ្លួន ។ ចំណែកប្រពន្ធបុរសរត់រ៉ឺម៉កម៉ូតូ បានសុំអោយសមត្ថកិច្ចជួយសំរួល ដោយមិនឱ្យប្តឹងគ្នាឡើយ ។
គួរបញ្ជាក់ថា ៖ មានមតិរិះគន់ពីពលរដ្ឋជិតខាងថា បុរសរ៉ឺម៉កម៉ូតូ និងប៉េអឹម គឺមិនណយទេ ចង់ចាញ់ចង់ឈ្នះរៀងខ្លួន៕ ៩៨