ស្នេហ៍មិនសមតាមបំណង ម្នាក់ចងកសម្លាប់ខ្លួន ម្នាក់លេបថ្នាំ

ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍វ័យក្មេងមួយគូនេះបានសាងស្នេហ៍មិនខុសពីរឿង​ទុំទាវនោះ​ឡើយ គ្រាដែលពួកគេបានសម្តែងភាពស្មោះត្រង់គ្នាទៅវិញទៅមកតាមរូបភាព អូន «ស្មោះ បងស្ម័គ្រ» ហើយដោយស្នេហ៍នេះមិនសមដូចបំណង ពួកគេបានជ្រើសរើសផ្លូវបញ្ចប់ ជីវិតដើម្បីជួបគ្នានៅជាតិក្រោយរៀងៗខ្លួន ដោយភាគីខាងស្រីចងកស្លាប់ដូចបំណង និង ភាគីបុរសផឹកថ្នាំហួសកម្រឹតត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យនៅឡើយ។

ហេតុការណ៍គួរឱ្យអនិច្ចា និងគួរឲ្យភ្ញាក់ផ្អើលនេះបាន កើតមានឡើង នៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំ រកា នព្វសគ្គ ព-ស២០១៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតបន្ទប់ទឹក នៅផ្ទះមួយកន្លែងដែលគ្មានមនុស្សរស់នៅ ក្នុងភូមិគោរ​ដ្ឋាន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្រី្តនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សែម សុធារ៉ា អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ នៅសាលាបឋមសិក្សាសិរីសោភ័ណ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុសម្នាក់ទៀតដែលជាគូសង្សារនឹងគ្នានោះ បានសម្រេចចិត្តលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាត ​ប៉ុន្តែមិន​​បាន​ សម្រេ​ច​​មានឈ្មោះ រឿន សីហា អាយុ២០ឆ្នាំ រស់នៅផ្ទះទល់មុខគ្នានឹងផ្ទះភាគីនារី ។ មរណភាពគូស្នេហ៍វ័យក្មេងទាំងពីរនេះ មិនត្រូវបានគេដឹងពីមូលហេតុនោះឡើយ ដោយគ្រាន់តែគេសង្ស័យថា ពួកគេបានលួច​បង្កើត​ភ្លើងស្នេហ៍មិនឲ្យចាស់ទុំដឹង និងទំនងជាស្នេហានេះជួបឧបសគ្គអ្វីមួយ ទើបគេបបួលគ្នាបញ្ចប់ ជីវិតនៅជាតិនេះ ហើយផ្សងជួបគ្នាជាតិក្រោយយ៉ាងនេះ ។

ស្ត្រីឈ្មោះគឹម សុផានី អាយុ៣៧ឆ្នាំ ត្រូវជាម្តាយនាងសែម សុធារ៉ា បានរៀបរាប់ថា កូនស្រី​របស់គាត់បានបាត់​ពីផ្ទះ​តាំងពីម៉ោង៣រសៀលថ្ងៃកើតហេតុ ជាមួយនឹងឈ្មោះ រឿន សីហា នៅផ្ទះទល់មុខគ្នា។លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញក្មេងប្រុសឈ្មោះ រឿង សីហា រត់ចេញពីបន្ទប់ទឹកផ្ទះជិតនោះ(ផ្ទះគ្មានមនុស្សនៅ)ទាំងអាការៈក្រហល់ក្រហាយ ហើយ​ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណភ្លាមៗ។ ស្រ្តីជា​ម្តាយបន្តថាដោយមានការសង្ស័យគាត់បានរត់ទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញកូនស្រីរបស់គាត់បានយកអាវវចងកសម្លាប់ខ្លួននឹង ធ្នឹមបន្ទប់ទឹកស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្ត យ៉ាងខ្លាំង។

​បន្ទាប់មកដំណឹងនេះបានឮដល់សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រកឃើញថ្នាំប៉ារ៉ាសេតាម៉ុលជាច្រើនបន្ទះនៅរាយប៉ាយ និងដបថ្នាំ១ដប រួមទាំងមានលុយមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹថា ជុំវិញករណីក្មេងស្រីចងកសម្លាប់ខ្លួន និងក្មេងប្រុសលេបថ្នាំប៉ង​សម្លាប់​ខ្លួន​ដែរនេះ ឪពុកម្តាយជនរង​គ្រោះមិនបានប្រាប់សមត្ថកិច្ចឱ្យស៊ីជម្រៅក្នុងរឿងរ៉ាវពួកគេទេ។

យ៉ាងណា សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងស្រាវជ្រាវរកមូលហេតុពិតប្រាកដដែល​ជនរងគ្រោះទាំង​២​នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនឱ្យបានច្បាស់ជូនក្រុមគ្រួសារផងដែរ។ ចំណែកសពក្មេងស្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែនៅវត្តព្រះពន្លាទាំងក្តីក្តុកក្តួលបំផុត ។

បើទោះបីឪពុកម្តាយក្មេងស្រីរងគ្រោះមិននិយាយរឿងរ៉ាវរបស់កូនស្រី និងយុវជន រឿង សីហា ឲ្យសមត្ថកិច្ចដឹងក៏ដោយ អ្នកភូមិនាំគ្នានិយាយថា រឿងនេះអាចផ្តើមចេញពីការបែកបាក់​ស្នេហាទើបធ្វើឲ្យពួកគេនាំគ្នាបញ្ចប់ជីវិតទាំងក្មេងខ្ចី ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *