



ភ្នំពេញ ៖ លោកប្រជាការពារភូមិភូមិទួលកីម្នាក់មកពីទាក់លលកវិញមកដល់ផ្ទះខឹងបាត់លលករបស់គាត់មួយក្បាល រួចផឹកស្រាស្រវឹងខឹងប្រពន្ធកូន និងប្អូនថ្លៃវាយបំផ្លាញទ្រព្យសម្បត្តិខ្ទេច ប្រពន្ធឃើញដូច្នេះក៏បានរត់ទៅប្តឹងសមត្ថកិច្ចទាំយប់។ហេតុការណ៍ខាងលើបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
បុរសជាប្រជាការពារដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នងផ្ទះនោះមានឈ្មោះ យ៉ត ផល្លី ហៅថេន អាយុ៤៧ឆ្នាំ មុខរបរប្រជាការពារភូមិទួលកី និងដើរទាក់លលកទុកលក់ រស់នៅភូមិកើតហេតុខាងលើមានប្រពន្ធឈ្មោះ ព្រុំ សឺន អាយុ៤៥ឆ្នាំ មុខរបរលក់អីវ៉ាន់នៅផ្ទះកើតហេតុ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនបង្កបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីគាត់ទៅទាក់លលក ពេលមកដល់ផ្ទះវិញ បាត់សត្វលលកមួយក្បាល ដែលទុកនៅផ្ទះ ហើយបានសួរនាំប្រពន្ធកូន ក៏ឆ្លើយថា មិនដឹង រួចក៏ខឹងសម្បាថារួចនិយាយថា «លលកទុកឲ្យមើលមិនគង់ផង តើទ្រព្យសម្បត្តិធំៗទុកម៉េចគង់ ថ្ងៃណាមួយគេលួចរបស់ឯងយកទៅបាត់ហើយ» ។ បន្ទាប់មកបុរសជាប្តីបានចេញទៅផឹកនៅខាងក្រៅបាត់ រហូតផឹកស្រវឹងមករករឿងប្រពន្ធកូននៅផ្ទខឹងរឿងបាត់លលក និងខឹងរឿងប្អូនថ្លៃប្រុសឈ្មោះ ព្រុំ សុខ មុខរបរលក់ផ្លែដូងធ្លាប់នៅជាមួយ ដែលបានឈ្លោះជាមួយគាត់តាំងពីថ្ងៃអាទិត្យ ដែលបានចាក់ធុងបាស់ថ្លង់ពេក ត្រូវបងស្រីបង្កើតបោកចោល ហើយប្អូនថ្លៃនោះវាយកម្ទេចម៉ូតូនិងរ៉ឺម៉ករួចទៅផ្ទះជួលបាត់ទៅដោយមិនបានប្រាប់គាត់ជាប្តីឲ្យដឹង ធ្វើឲ្យបុរសខាងលើខឹងរឿងចាស់មិនទាន់បាត់ផង ចូលដល់រឿងបាត់លលកមួយក្បាលទៀត ក៏បានទៅផឹកស៊ីស្រវឹងត្រលប់មកវិញវាយបែកកញ្ចក់ទូដាក់ខោអាវ កៅអីជ័រ តុ ឆ្នាំងចំហុយនំប៉ាវ ព្រមទាំងទូសម្អាង និងទូស័ព្ទដៃមួយគ្រឿង បណ្ដាលឲ្យខូតខាតអស់ថែមទាំងយកកាំបិតមកបម្រុងកាប់គាត់ជាប្រពន្ធទៀត ទើបគាត់រត់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋានតែម្តង។
តាមសម្ដីបុរសដែលជាជនបង្កបានឲ្យដឹងថា គាត់ខឹងហួសហេតុពេក លលកតម្លៃ១៥០ដុល្លារ៍ឲ្យមើលថែ បែររកមិនឃើញ ហើយគាត់ខឹងប្រពន្ធដោយត្រូវជើងនឹងប្អូនថ្លៃឲ្យយកម៉ូតូ និងរ៉ឺម៉ករបស់គាត់ទៅបាត់ មិនបានប្រាប់គាត់ជាមេគ្រួសារមួយម៉ាត់ ទើបបានជាគាត់ខឹងខ្លាំងបែបនេះ ។ ពេលឮប្តីនិយាយប្រាប់សមត្ថកិច្ចបែបនេះ ប្រពន្ធបានតបភ្លាមថា ប្អូននៅជាមួយយើងយូរមកហើយ ក្រែងឯងបានចែកឲ្យវាហើយតើ ម្តេចក៏ថារូបគាត់ឲ្យចិត្តឯងទៅវិញ ។
ក្រោយពេលកើតហេតុ លោកនាយប៉ុសិ៍្តនគរបាលភ្លើងឆេះរទេះ បានពន្យល់ណែនាំអ្នកទាំង២នាក់មានកូនធំក្រមុំកំលោះអស់ទៅហើយ បើប្តឹងផ្តល់គ្នាគ្មានអីចំណេញទេ ហើយកូនទាំង២នាក់របស់គាត់កំពុងសិក្សានោះទៅជាយ៉ាងណា បើមិនសុខចិត្ត ចាំថ្ងៃក្រោយមកសាលាសង្កាត់ទើបលែងលះបាន ។ ចុងក្រោយទាំង២នាក់ប្តីប្រពន្ធបានស្ងប់ស្ងាត់ រួចត្រលប់ទៅផ្ទះវិញតែម្តង៕៩៨