


ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌដង្កោសហការជាមួយនគរបាលប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ក្នុងនោះមានស្រីចំនួន២នាក់និងដកហូតបានថ្នាំញៀនចំនួន២៤កញ្ចប់តូច នៅចំណុចបន្ទប់ជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានប្រាប់អោយដឹងថា ជនសង្ស័យទី១ឈ្មោះ ហៀង ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិបួរ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ (អ្នកប្រើប្រាស់) ។ ទី២ឈ្មោះ ជា យ៉ូរ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិព្រែកត្រឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល (អ្នកប្រើប្រាស់) និងទី៣ឈ្មោះ ចេង ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាម្ចាស់គ្រឿងញៀន)។
ក្នុងការបង្ក្រាបនេះដឹកនាំដោយលោកអនុសេនីយ៍ទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោ សហការជាមួយនិងនគរបាលប៉ុស្តិ៍ដង្កោលោក តឹម តូនី នាយនគរបាលប៉ុស្តិ៍ដង្កោ បើកការស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់នោះដោយមានការចង្អុលបង្ហាញពីលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចគ្រប់បណ្តាលប៉ុស្តិ៍ក្នុងខណ យកចិត្តទុកដាក់ស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ពីមូលដ្ឋាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើចាត់ការតាមផ្លូវច្បាប់ ៕ បញ្ញា