ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងបត់ចូលខុនដូ

 
ភ្នំពេញ ៖ យុវជន២នាក់រងរបួសធ្ងន់ធ្ងរត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន បុករថយន្តសេរីទំនើបម៉ាកឡង់គ្រីស័របើកបរដោយជនជាតិចិនកំពុងបើកបត់បំណងចូលក្នុងខុនដូ ចំពីចំហៀងខាងមុខពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១នឹង១៤នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខខុនដូ Bellevue តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើប ម៉ាកឡង់គ្រីស័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1188 ធ្វើដំណើរតាមបណ្តោយផ្លូវមាត់ទន្លេ ទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងបំណងចូលក្នុងខុនដូ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ជិះឌុបគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿនបុករថយន្តចំពីជំហៀងពេញទំហឹង បណ្តាលរងរបួសធ្ងន់ហូរឈាមស្រោចពេញខ្លួន ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងហៅម្ចាស់រថយន្តទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕សារ៉េត

 

 

Leave a Reply

Your email address will not be published. Required fields are marked *