





ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូគេចពីម៉ូតូប្តីរបស់ខ្លួន ក៏ជ្រុលចង្កូតឡើងខឿនផ្លូវទៅបុកម៉ូតូ ១គ្រឿងទៀត ដួលបោកក្បាលរងរបួសធ្ងន់ តាមបណ្តោយមហាវិថីព្រះនរោត្តម ចំណុចមុខស្ថានទូតជប៉ុន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលបានប្រាប់អោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ លាង ចន្ថា អាយុ ៥៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅគីឡូម៉ែតលេខ៧ ជិះម៉ូតូឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1AK-0404 រងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូប្តីស្ត្រីរងគ្រោះ ម៉ាកវ៉េវ ពាក់ស្លាកលេខភ្នំពេញ 1CM.0436 និងម៉ូតូ ១គ្រឿងទៀត ដែលជាម៉ូតូសន្តិសុខយាមស្ថានទូតជប៉ុន ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1GK-1002 ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគាត់បានឃើញម៉ូតូប្តីស្ត្រីរងគ្រោះជិះតែម្នាក់ឯង ទិសដៅពីត្បូងមកជើង ស្របទិសគ្នាជាមួយម៉ូតូប្រពន្ធ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូប្តីស្ត្រីរងគ្រោះបានត្រូវរថយន្តមិនស្គាល់ម៉ាកបើកកៀរបម្រុងនឹងដួល ខណៈនោះ ម៉ូតូប្រពន្ធមកពីក្រោយ ក៏ប៉ះម៉ូតូប្តីខ្លួន រួចជ្រុលចង្កូតឡើងលើខឿនផ្លូវទៅបុកម៉ូតូ ១គ្រឿងទៀត ដែលចតចោល ហើយដួលបោកក្បាលបណ្តាលអោយរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះបានមកដល់ធ្វើការសម្របសម្រួលជាមួយម្ចាស់ម៉ូតូហុងដាឌ្រីម រួចក៏យកម៉ូតូឪពុករបស់ខ្លួនត្រលប់ទៅផ្ទះរបស់ខ្លួនវិញ៕ បញ្ញា