
ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជិះម៉ូតូមួយគ្រឿងដើរធ្វើសកម្មភាពលួចឆក់កាបូបពីស្ត្រីម្នាក់ដើរជាមួយប្តីមិនបានសំរេចត្រូវកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយខណ្ឌឃាត់ខ្លួន។កាលពីវេលាម៉ោង១៣៖០០នាទីរសៀលថ្ងៃពុធ១០រោចខែមិគសិរឆ្នាំរកា ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៣ខែឆ្នូ គ.ស២០១៧ស្ថិតនៅចំណុចមុខស្ថានទូតព្រុយណេផ្លូវសុរាម្រិតភូមិទី៣សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌដូនពេញម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់៖ទី១)ឈ្មោះឈឹម ប៊ុនធិន ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរជាងកាត់សក់ មានទីលំនៅផ្ទះលេខ២០៤អឺ០ផ្លូវបេតុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញនិងម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ(រត់គេចខ្លួនបាត់) ដោយជិះម៉ូតូមួយគ្រឿងម៉ាក FINO ពណ៌ស លាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1GA6768មកក្បែរជនរងគ្រោះមិនស្គាល់ឈ្មោះភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរ កំពុងដើរជាមួយប្តីតាមផ្លូវ ខណៈនោះជនសង្ស័យធ្វើសកម្មភាពឆក់កាបូបតែពុំបានសំរេចត្រូវនារីរងគ្រោះដណ្តើមបានកាបូបដៃបានមកវិញស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខកំពុងជិះម៉ូតូដើរល្បាតក៏ប្រទះឃើញចាប់ឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ក្រោយពីកើតហេតុនារីរងគ្រោះពុំបានដាក់ពាក្យបណ្តឹងនោះទេក៏ដើរចេញទៅបាត់។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី។
សូមបញ្ជាក់ថា៖ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន(ធ្វើតេស្តទឹកនោមមានសារធាតុញៀន)ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសម១ ពីបទលួចកាលឆ្នាំ២០១៦ផងដែរ៕សារ៉េត