






រាជធានីភ្នំពេញ : រថយន្តកូរ៉េដឹកសង្ក័សីមួយគ្រឿងបានបើកបុកពីក្រោយរថយន្តប៉ែនដឹកដីធុនធំមួយគ្រឿងទៀតជ្រុលចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃ១១រោចខែមិគសិរឆ្នាំរកាពស២៥៦១ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទល់មុខសាលាបឋមសិក្សាភូមិឬស្សី តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
រថយន្តបង្កជាប្រភេទរថយន្តកូរ៉េធុនធំ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 3A-0095 បើកបរដោយឈ្មោះ ភួង គឹមសុឹង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅស្រុកឧដុង ខេត្តកំពង់ស្ពឺ ។
តាមការរៀបរាប់របស់ តៃកុងរថយន្តខាងលើ អោយដឹងថា ខ្លួនបានបើករថយន្តដឹកសង្ក័សីចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ស្រុកឧដុង ខេត្តកំពង់ស្ពឺ ដោយមានព្រូលរថយន្តម្នាក់រួមដំណើរជាមួយ ។ លុះបើកបរធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបានបែកទុយោហ្វ្រាំង ជាហេតុធ្វើអោយរថយន្តចាប់ហ្វ្រាំងមិន ក៏ជ្រុលបុកពីក្រោយរថយន្តប៉ែនដឹកដីធុនធំមួយគ្រឿង បណ្តាលអោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយរថយន្តក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវតែម្តង ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំមានបណ្តាលអោយមនុស្សណាម្នាក់ រងរបួសឡើយ ហើយក៏ពុំមានបណ្តាលអោយខូចខាតអ្វីដល់ទ្រព្យសម្បត្តិរដ្ឋឡើយ គ្រាន់តែរថយន្តបើកឡើងសួនប៉ុណ្ណោះ ។ ក្រោយកើតហេតុ រថយន្តប៉ែនដឹកដីដែលត្រូវរថយន្តបង្កបុកពីក្រោយ បានជិះចេញពីកន្លែងកើតហេតុ ព្រោះខូចខាតតិចតួច ខ្លួនខ្ជិលមានបញ្ហាច្រើន ។ ដោយឡែកភាគីរថយន្តបង្ក បានទំនាក់ទំនងទៅកាន់ជាងរថយន្តអោយមកជួសជុល ហើយបើកចេញពីកន្លែងកើតហេតុផងដែរ ៕បញ្ញា