ម៉ូតូកង់បីឥណ្ឌាកៀរម៉ូតូហុងដាឌ្រីមកិនបុរសម្ចាស់ម៉ូតូស្លាប់

 

 

ភ្នំពេញ៖ បុរសម្នាក់ស្លាប់យ៉ាង​អាណោចអាធម៌​ ខណះ​ដែល​ជិះម៉ូតូហុងដាឌ្រីមត្រូវ ម៉ូតូកង់បី(ឡាំប៉ាតា)វ៉ាជែង ប៉ះ​បណ្តាលអោយដួល​រួច​កិនស្លាប់ភ្លាមៗ​ តែ​ម៉ូតូកង់បី(ឡាំប៉ាតា)បន្តដំណើររត់ជាង១គីឡូម៉ែត្រទើបឃាត់បាន។ហេតុការណ៍​នេះ​បាន​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១៨​៖៣០នាទីល្ងាច​ថ្ងៃ​អាទិត្យ​ទី​១​ កើត​ ខែ​ បុស្សឆ្នាំ​រកា​ ព​ ស​ ២៥៦១ត្រូវ​នឹង​ថ្ងៃ​​ ទី ១៧ ខែ​ធ្នូ​ឆ្នាំ​ ២០១៧ ស្ថិត​នៅតាមបណ្តោយផ្លូវ២០០៤ហៅ(ផ្លូវម៉ៃដា) មុខហាងសែនរីរាយ ស្ថិតក្នុងភូមិត្រពាំងល្វាសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ មានមុខរបរដឹកឥវ៉ាន់​ស្នាក់នៅភូមិ ចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ​និងមានប្រពន្ធឈ្មោះ ប៉ែន សារុន ភេទស្រីអាយុ៣២ឆ្នាំ រោងចក្រស្នាក់នៅ ជាមួយគ្នា មានភូមិកំណើតនៅភូមិ ទួលក្រូច ឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង​។​ដោយ​ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CD-0903។ចំណែកម្ចាស់ម៉ូតូកង់បីឈ្មោះ ស សុវណ្ណភេទប្រុសអាយុ៣៨ ឆ្នាំ មានមុខរបរសន្តិសុខនិង រត់ម៉ូតូកង់បី(ឡាំប៉ាតា)ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។រីឯម៉ូតូកង់បីពណ៌លឿងពាក់ស្លាលេខ1GS-0991 ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ​ដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះ​ធ្វើដំណើរ​តាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូកង់បីរបស់ជនបង្កមកពីក្រោយស្របទិសគ្នា​ វ៉ាជែងក្នុងល្បឿនលឿនទៅប៉ះកៀរជាមួយម៉ូតូរងគ្រោះបណ្តាលឲ្យ​ដួល​រួច​កិន​បាក់កស្លាប់ភ្លាមៗ​យ៉ាង​អាណោចអាធម៌​។បន្ទាប់មក​ម៉ូតូកង់បីបន្តដំណើរចេញពីកន្លែងរត់មកដល់មុខផ្សារ​ជិន​ជូរី ក៏ត្រូវប្រជាពលរដ្ធនិងសមត្ថកិច្ចឃាត់បានទាំងម្ចាស់បើកបរកង់បីតែម្តង។

ក្រោយកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះទៅសម្រួលនៅកន្លែងកើតហេតុ និងឆែករកអត្តសញ្ញាណទាក់ទងទៅសាច់ញាត្តិ​មកទទួល យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ចំណែកម៉ូតូ​ជន​រង​គ្រោះ​នឹងម៉ូតូកង់បី(ឡាំប៉ាតា)ទាំង២គ្រឿង​ព្រម​ទាំង​ម្ចាស់ម៉ូតូកង់បីត្រូវបាននាំទៅកាន់ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយបន្ត។

ប្រភពពីក្រុមគ្រួសារនៃសពបានបន្តទៀតថា បន្ទាប់ពីជំនាញចរាចរណ៍រាជធានីភ្នំពេញ យក​អ្នក​បើកបរ​ទៅ​កាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញភ្លាមៗភាគីខាងជនបង្កបានមកកំរាមកំហែងទៅលើបងប្អូនគ្រួសារនៃសពអោយដោះស្រាយភ្លាមៗ​ ដោយ​អោយចំនួន៥០០ដុល្លារ៍ បើមិនយកថ្លៃសំណងប៉ុណ្ណឹងប្រាកដជាអត់​ហើយភាគីបង្កនិយាយថា គេមានខ្នងប៉ូលីស មានឋានៈផ្កាយ​ មិនស្រួល មិនបានមួយរៀលផង៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *