ភ្នំពេញ ៖ ជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះ រួចដល់ពាក់កណ្តាលផ្លូវយកកន្រ្តៃចាក់ម្ចាស់ម៉ូតូឌុប បណ្តាលឲ្យរងរបួសធ្ងន់បំណងប្លន់យកម៉ូតូ តែមិនបានសម្រេច ហើយត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង០០នាទី យប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបជនរងគ្រោះជិះ ដោយពុំទាន់និយាយថ្លៃគ្នាទេ គឺចេញដំណើរពីចំណុចតំបន់ភូមិគ្រឹះក្នុងភូមិព្រៃព្រីងខាងជើង ឆ្ពោះទៅម្អតិតរោងកុនគិរីរម្យ។លុះធ្វើដំណើរបានតែបន្តិច ជនសង័្សយដែលជិះខាងក្រោយបានយកកន្ត្រៃចាក់ជនរងគ្រោះដែលជាម្ចាស់ ម៉ូតូចំក្រោមស្លាបប្រចៀវខាងស្ដាំ ដោយដឹងថាជិះខាងក្រោយប្លន់ខ្លួនហើយ ជនរងគ្រោះបានបន្ថែមល្បឿនទៅមុខ ហើយស្រែកថាចោរៗឲ្យអ្នកភូមិចេញមកជួយស្ទាក់ចាប់បានវ៉ៃទ្រមខ្លួនទើបសមត្ថកិច្ចមកដល់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉េន សុជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
ចំណែកជនរងគ្រោះមានឈ្មោះ ភាព ភឹម អាយុ៣០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិត្រពាំងផាន់ ឃុំសុទំ ស្រុកក្រគរ ខេត្តពោធិសាត់ ។ ម៉ូតូដែលជនល្មើសប្លន់យកមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១B-៧២៧៦។
ជនរងគ្រោះត្រូវប្្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕ អូន ធួក