ខេត្តកណ្ដាល ៖ បុរសជាម្ចាស់ហាងកាហ្វេម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ពីបទប៉ុនប៉ងរំលោភសេពសន្ទវៈទៅលើនារីជាកម្មកររត់តុក្នុងហាងកាហ្វេរបស់ខ្លួន នៅចំណុចបន្ទប់គេងរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក្រោយពីទទួលពាក្យបណ្ដឹងពីម្ដាយនារីរងគ្រោះ។។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីវ វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាងលក់កាហ្វេ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។រីឯជនរងគ្រោះឈ្មោះ ស.ស.ណ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តុកាហ្វេ។ រីឯវត្ថុតាងចាប់យកមាន អាវយឺតដៃវែងពណ៌ក្រហម ចំនួន១, អាវយឺតពណ៌ខ្មៅ ចំនួន១, ខោជើងវែង ចំនួន១ (យឺត) និងខោទ្រនាប់ពណ៌ស ចំនួន១ ជារបស់ជនរងគ្រោះនិង ខោជើងខ្លីពណ៌សឆ្នូតខៀវ ចំនួន ១ ជារបស់ជនសង្ស័យ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៨យប់ក្រោយពេលលក់កាហ្វេរួច ជនសង្ស័យឈ្មោះ អ៊ីវ វណ្ណា បានចូលដេកក្នុងបន្ទប់របស់ខ្លួន ចំណែកជនរងគ្រោះជាកម្មកររត់តុ ក៏បានចូលបន្ទប់ដេករបស់ខ្លួនជាធម្មតា។ លុះវេលាម៉ោង ១០យប់ ថ្ងៃដដែលឈ្មោះ អ៊ីវ វណ្ណា បានចូលមកបន្ទប់លួងលោមស្ទាបអង្អែលខ្លួនជនរងគ្រោះ ដើម្បីរួមភេទ ប៉ុន្តែ នាងមិនព្រមទើបឈ្មោះ អ៊ីវ វណ្ណា បានចូលដេកបន្ទប់ខ្លួនវិញ។ រហូតដល់វេលាម៉ោង ២ និង ០០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អ៊ីវ វណ្ណា បានចូលមកក្នុងបន្ទប់ជនរងគ្រោះលួងលោមម្តងទៀត រួចដោះសម្លៀកបំពាក់នាងចេញពីខ្លួនទើបបានស្ទាបអង្អែលសុដន់និងប្រដាប់ភេទ ហើយពេលនោះនាងមិនហ៊ានរើបម្រះឡើយ ពីព្រោះខ្លាចថៅកែរបស់ខ្លួនធ្វើបាបនិងបណ្តេញចេញឈប់ឲ្យធ្វើការ តែរំលោភមិនបានសម្រេចទេ ។
លុះព្រឹកឡើងខែឆ្នាំដដែល ជនរងគ្រោះបានទូរសព្ទ័មកម្តាយបង្កើតរបស់ខ្លួនរៀបរាប់អំពីរឿងហេតុខាងលើទោះបប្តឹងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ីវ វណ្ណា មកធ្វើការសាកសួរហើយឈ្មោះនេះបានសារភាពថា ខ្លួនពិតជាបានស្ទាបអង្អែលប្រដាប់ភេទ ប៉ះពាល់រាងកាយនារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមច្បាប់ ៕ សំបូរ