ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​គ្នា​ដួល​បោក​ក្បាល​នឹង​ថ្នល់​បណ្ដាល​អោយ​ស្លាប់​មួយ​រំពេច​

 

 

ខេត្ត​ព្រះសីហនុ​៖​សិស្ស​សាលា​វិទ្យា​ល័យ​ មិត្ត​ភាព​​ម្នាក់​ជិះ​ម៉ូតូ​ទៅ​សិក្សា​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​
នៅថ្ងៃ​ព្រហស្បតិ៍​ ៤កើត ខែបុស្ស​ ឆ្នាំ​រកា​ នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី​២១​ ខែ​ធ្នូ​ គ.ស ​២០១៧​ វេលាម៉ោង​ ០៦:៤៥នាទី​ព្រឹក នៅលើដងផ្លូវ​វត្តលើ ត្រង់ចំណុច​ មុខ​ដេប៉ូលក់គ្រឿងសំណង់ ស្ថិត​នៅ​ក្នុងក្រុមទី១៥ ​ភូមិ​៣ សង្កាត់​១​ ក្រុង​-ខេត្ត​ព្រះសីហនុ​។

សាកសពជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ យស់ ស្រីណុច ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្ស ថ្នាក់ទី១០ នៃសាលាអ/នុ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។​ចំណែក​ឯ​ជន​បង្ក​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​(រត់​គេច​ខ្លួន​បាត់​)។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ KAWASAKI ពណ៌ទឹកក្រូច គ្មានស្លាកលេ​ខ គ្មាន​ពាក់​មួក​សុវត្តិភាព​ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​ខាង​លើ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​Smash V ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត​(បញ្ច្រាស​ទិស​គ្នា​)មក​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​អោយ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្ដង​។​បន្ទាប់​មក​ជន​បង្ក​ឃើញ​ហេតុ​ការណ៍​ដូច្នោះ​ក៏​បាន​រត់គេចខ្លួន​បន្សល់ទុក​តែ​ម៉ូតូ​នៅ​នឹង​កន្លែង​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រក​សាច់​ញាត្តិ​ជន​រង​គ្រោះ​យក​សាកសព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។​ចំណែក​ឯ​ម៉ូតូ​ជន​រង​គ្រោះ​និង​ម៉ូតូ​ជន​បង្ក​ហេតុ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ព្រះសីហនុ​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *