ស្ទឹងត្រែង: រថយន្តមួយគ្រឿងបានបុកពីក្រោយឡំប្រឺតា មួយគ្រឿង រហូតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួសធ្ងន់កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទីសុក្រ៥កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១០ ក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលចរាចរស្រុកសេសានបានឲ្យដឹងថាជនរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ណុង សេរីយ៉េន ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នករត់ឡំប្រឺតា( បានស្លាប់) រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។ ចំណែកស្ត្រីដែលរងរបួសធ្ងន់២នាក់ទៀតមិនស្គាល់ឈ្មោះ គ្រាន់តែដឹងថាពួកនាង បម្រើការងារនៅក្នុងខារ៉ាអូខេកាឡាក់ស៊ី ក្នុងក្រុងស្ទឹងត្រែង។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង៣នាក់ បានជិះឡំប្រឺតាពណ៌លឿង ចេញពីទំនប់វារីអគ្គិសនីសេសាន្តក្រោម២ ធ្វើដំណើរទិសដៅពីជើងមកត្បូង។លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមាន រថយន្ត១គ្រឿងមិនចាំម៉ាកនិងស្លាកលេខ បើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើងមកបុកឡំប្រឺតាយ៉ាងពេញទំហឹងបណ្តាលឲ្យ ប៉ើងខ្ទាតធ្លាក់ទៅម្ខាងផ្លូវ ស្លាប់អ្នកបើកបរឡំប្រឺតាភ្លាមៗ និងស្រី្ត២នាក់ទៀតរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក បានប្រញាប់បន្តល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕សំបូរ
