បុរស២នាក់ដែលជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បើករថយន្តបុកម៉ូតូនារីម្នាក់ រួចបន្តចុះមកទាត់ធាក់បន្ថែម បណ្តាលឲ្យរងរបួស

 

 

 

ភ្នំពេញ ៖ បុរស២នាក់ដែលអាចចាត់ទុកថាជាជនទំនើងត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យតាមឃាត់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកម៉ូតូរបស់នារីម្នាក់កំពុងជិះតាមដងផ្លូវ​ ធ្វើ​អោយ​នារីរងគ្រោះ​ខឹង​ ជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់បើកទ្វារចុះមករួចរត់មកលោតធាក់ រហូតដួលម៉ូតូរងរបួសថែមទៀតផង។

ជនសង្ស័យទាំង២នាក់ខាងលើមានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ។ហើយត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះក្រោយស្រ្តីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ នៅល្ងាចថ្ងៃម្សិលមិញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប១​ ខណ្ឌពោធិ៍សែនជ័យ។​ចំណែកនារីដែលជាជនរងគ្រោះមានឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ មុខរបរបុក្គលិកក្រុមហ៊ុន​ មិន​បញ្ជាក់​ទី​លំ​នៅ​។

តាមប្រភពព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទឹកដីខណ្ឌទួលគោក គោលបំណងមកផ្ទះ​។​លុះពេលមកដល់ផ្លូវ២០០៤ ត្រង់ចំណុចស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។បន្ទាប់មកនារីរងគ្រោះខឹងនាងក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់បើករថយន្តតាមពីក្រោយ​ មក​ឈប់​ពី​មុខ​បើកទ្វារចុះមកទាត់ធាក់បណ្តាលឲ្យដួលរងបួសតែម្តង។

ក្រោយពីកើតហេតុភ្លាមៗនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីឲ្យ​ឃាត់​ខ្លួនជនបង្ក​ ប៉ុន្តែ​គេ​ដឹងថាជាមន្រ្តីរបស់សាលាខណ្ឌពោធិ៍សែនជ័យ​ទើប​ប្រគល់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ខ្លួន​។
បច្ចុប្បន្នជនសង្ស័យទាំ២កំពុងស្ថិតក្នុងការសួរនាំ នៅអធិការខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *