


ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឲ្យរន្ធត់ ខណៈដែលបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងយុវជនម្នាក់រងរបួសធ្ងន់នៅពេលម៉ូតូបុកម៉ូតូចំពីមុខពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣ខែធ្នូរឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះលក់វាំងនង តាមបណ្ដោយផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់អូឡាំពិត ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះត្រូវបានគេស្គាល់ឈ្មោះ គឹម សិរី ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរសន្តិសុខស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ចំណែកឯសិស្សដែលរងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះនោះទេតែមានអាយុប្រហែល១៦ឆ្នាំជាសិស្សនៅសាលាព្រះយុគន្ធ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបរុសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-5853បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនម្នាក់ជាសិស្សបានជិះម៉ូតូមួយគ្រឿងម៉ាកZoomerx ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FU-9944 ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនដូចគ្នា ក៏មកបុកគ្នាចំមុខពេញទំហឹងបណ្ដាលអោយបុរសជាសន្តិសុខស្លាប់នឹងយុវជនជាសិស្សរងរបួសធ្ងន់ ។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចជំនាញទំទាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយក ទៅដោះស្រាយនៅការិយាល័យនគរបាលផ្លូវគោករាជធានីភ្នំពេញរងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត