ឌុបប្រពន្ធមកពីធ្វើការជនដៃដល់មួយក្រុមស្ទាក់វាយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ តដៃវិញស្លាប់ម្នាក់ដែរ

 

 

 

ភ្នំពេញ ៖ មនុស្ស២នាក់ ស្លាប់បាត់ជីវិត និងម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែកស្រ្តីម្នាក់ទៀតមិនមានរងរបួស បន្ទាប់ជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការ ត្រូវបានជនដៃដល់មួយក្រុមគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដំបងឈើដេញស្ទាក់វាយ ខាងជនរងគ្រោះតដៃវិញស្លាប់ម្នាក់។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រចូលថ្ងៃ​អង្គារ៍​ ៩កើត​ខែ​បុស្សឆ្នាំ​រកា​ ព​ ស​ ត្រូវ​នឹង​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍​សែនជ័យ ។

ជនរងគ្រោះ របួសរហូតដល់ស្លាប់ ឈ្មោះ នួន សូរិយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ របួសធ្ងន់ធ្ងរ ឈ្មោះ ងួន សុវណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន នៅអនុវិទ្យាល័យសាមគ្គី ភូមិចំការចេក ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានស្រុកកំណើតភូមិកសិករ ឃុំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត តែទំនេរឆ្លៀតមកលេង ស្នាក់នៅជាមួយប្រពន្ធឈ្មោះ នួន សេងលី អាយុ២៧ឆ្នាំ បុគ្គលិករត់តុហាង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។ ដោយឡែកភាគីខាងក្រុមបង្ក ស្លាប់ម្នាក់ ឈ្មោះ ជឿន មុន្នីរ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មាទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកទើបដឹងថាស្លាប់ ។

តាមសម្តីជនរងគ្រោះ ឈ្មោះ ងួន សុវណ្ណៈ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយ មិត្តភ័ក្រ ផ្ទះជួលជាប់គ្នា ឈ្មោះ នួន សូរិយ៉ា (ស្លាប់) និងមិត្តភ័ក្រម្នាក់ទៀត សរុបគ្នា៣នាក់ ផឹកសុី នៅផ្ទះជួល រហូតដល់វេលាម៉ោង១១យប់ ទើបចែកផ្លូវគ្នា ហើយខ្លួន២នាក់ជនរងគ្រោះ នួន សូរិយ៉ា បានជិះម៉ូតូ ទៅហូបបបរសនៅផ្សារដើមគ លុះដល់វេលាម៉ោង១២អធ្រាត្រ វិលមកវិញ ឈៀងចូលឌុបបករពន្ធ ដែលបញ្ចប់ម៉ោងការងារនៅហាង ជិះឌុបគ្នាទាំង៣នាក់ កាត់តាមផ្លូវទួលពង្រ មកដល់ស្ពាន ជួបជនសង្ស័យមួយក្រុមគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង បានគប់ដបទឹកសុទ្ធមកលើខ្លួន ឃើញដូច្នោះ គ្រាន់តែសួរថា ហេតុអ្វីបានមករករឿង គប់ខ្ញុំទៅវិញ ថាហើយ ក្រុមជនសង្ស័យជិះម៉ូតូប្រដេញតាម រហូតដល់មុខផ្ទះជួល ក្បែររោងទឹកត្នោតជូរ ឈប់ម៉ូតូហៅឪពុកម្តាយ ឲ្យបើកទ្វារ ត្រូវបានក្រុមជនសង្ស័យ ប្រដាប់ដោយដំបងឈើ ចុះចូលវាយសំពង បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ហើយស្លាប់ម្នាក់ពេពបញ្ជូនទៅមន្ទីរពេទ្យ ចំណែកប្រពន្ធមិនមានរងរបួស ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ រួចសាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកជនរងគ្រោះម្នាក់ ត្រូវបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយស្រាវជ្រាវ ស្រាប់តែដល់ព្រឹកថ្ងៃទី២៦ ខែធ្នូ ស្រាប់តែទទួលពត៌មាន ភាគីខាងក្រុមបង្ក ស្លាប់ម្នាក់ដែរ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ។

តាមនគរបាលបានឲ្យដឹងថា ក្រុមជនដៃដល់ទាំង៦នាក់ ក្រោយពីធ្វើកម្មភាពវាយសម្លាប់ជនរងគ្រោះម្នាក់ ហើយ​ម្នាក់ទៀតរងរបួសធ្ងន់ រួច​រត់គេចខ្លួនបាត់អស់។

បច្ចុប្បន្ននេះ​កម្លាំង​នគរ​បាល​សហការ​ជាមួយ​អាវុធហត្ថ​កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ លុះដល់វេលាម៉ោង១២និង១០នាទីរសៀលថ្ងៃដដែល កម្លាំង​ឃាត់ខ្លួន ជនសង្ស័យ៥នាក់ មាន៤នាក់ជាក្រុមបង្ក ម្នាក់​ទៀត​ជា​ភាគីរងរបួស រួមជាមួយម៉ូតូ៣គ្រឿង ដែលជិះធ្វើសកម្មភាពកាលពីយប់ មកសាកសួរនៅប៉ុស្តិ៍ចោមចៅ១៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *