ភ្នំពេញ៖យុវជនម្នាក់ជានិស្សិតសាកលវិទ្យាល័យអាយអាយស៊ីបានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះជិះម៉ូតូយ៉ាងលឿនរ៉េចង្កូតឡើងលើចញ្ចើមផ្លូវទៅបុករបងសកលវិទ្យាល័យIICពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅជាប់របងសកលវិទ្យាល័យ អាយ អាយ សុី ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះតែ គាងហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដើមគ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកMSX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ.6690 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន ខណះដល់កន្លែងកើតហេតុខាងលើ ក៏រេចង្កូតឡើងលើចញ្ចើមផ្លូវនិងជ្រុលទៅបុករបងសកលវិទ្យាល័យ អាយ អាយ សីុ ពេញទំហឹងបណ្ដាលឲ្យបែកមួកនិងខ្ទិចមុខហូរឈាមពេញថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម៉ូតូវិញរងការខូចខាតបន្ទិចបន្ទួច ។
ក្រោយពេលកើតហេតុ មានសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍ រងចាំសាច់ញាត្តិយកឯកសារគ្រប់គ្រាន់ដើម្បីប្រគល់ជូនវិញ៕សិសារ