


(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានបញ្ជាឱ្យកម្លាំងតាមភូមិសាស្ត្របើកប្រតិបត្តិការស្រាវជ្រាវ និង ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ រហូតឈានទៅដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់រួមទាំងថ្នាំក្រាមពណ៌ចំនួន២២កញ្ចប់និងរថយន្តកាមរីឆ្លាម១គ្រឿងផងដែរ ។
ប្រតិបត្តិការណ៍ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃពុធ ១០កើតខែបុស្សឆ្នាំរកា ព ស២៥៦១ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ស្ថិតចំណុចផ្លូវបេតុង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
មេក្លោងចែកចាយត្រូវបានគេស្គាល់ឈ្មោះ ប៊ូ សុខរាយ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបើកបររថយន្តម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ២J.៤២៧៥ ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងថ្នាំក្រាមពណ៌សចំនួន២២កញ្ចប់និងរថយន្ត១គ្រឿងត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងធំកំពុងកសាងសុំណុំរឿងបញ្ជូនបន្តមកកាន់ផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការតាមផ្លូវច្បាប់៕៩៨