


ភ្នំពេញ៖ ដោយមានការសើបអង្កេតជាច្រើនថ្ងៃមកហើយនោះ លោក ឌី រដ្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសុំការសម្របសម្រួលពីលោក សឿរ វ៉ានី ព្រះរាជអាជ្ញារងនៃអមសាលារាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវ៉ាតចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ដ៏ធំមួយកន្លែង នៅជាប់ផ្សារបេសេ ក្នុងផ្ទះល្វេងលេខC25 នៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។កាលពីវេលាម៉ោង១រសៀលថ្ងៃពុធ ១០កើតខែបុស្សឆ្នាំរកា ព ស២៥៦១ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនោះ កម្លាំងចម្រុះដែលចុះបង្ក្រាប បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៩នាក់ ជាអ្នកកត់ និងអ្នកលេង រួមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ាសុីនគិតលេខចំនួន៩ /ម៉ាសុីនព្រិនចំនួន១ /ត្រាកំណត់ថ្ងៃ ខែ /ដុំទឹកខ្មៅ៥ /ប្រដាប់កឹប៣/ក្រដាសសម្រាប់កត់ជាច្រើនដុំ /លុយខ្មែរ៥៣មុឺន ។ ក្នុងនោះក៏បានដកហូតម៉ូតូចំនួន៤គ្រឿង ៖ទី១ម៉ាក ហង់ដាឌ្រីម២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-4218 /ទី២ម៉ាក ហង់ដាឌ្រីម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU-0559 /ទី៣ម៉ាក ស៊ុយគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GA-3640 / និងទី៤ម៉ាកធូដេពាក់ស្លាកលេខភ្នំពេញ1FH-9238 ។
លោក ឌី រដ្ឋខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា មុននិងឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៩នាក់ខាងលើ គឺ លោកបានសើបអង្កេតជាច្រើនថ្ងៃមកហើយ ដោយឲ្យកម្លាំងសម្ងាត់ពាក់ឯស្ថានសុីវិលចូលទៅចាក់ឆ្នោតវៀតណាមនោះ ហើយក៏ដឹងច្បាស់ថា ទីតាំងខាងលើពិតជាកន្លែងកត់ឆ្នោតវៀតណាមដោយខុសច្បាប់ដ៏ធំពិតប្រាកដមែន ។
ក្រោយពីឃាត់ខ្លូនជនសង្ស័យប្រុសស្រីទាំង៩នាក់ រួមទាំងដកហូតវត្ថុតាំងរួចហើយនោះ កម្លាំងសមត្ថកិច្ចបានធ្វើឯកសារ បញ្ចូនទៅកាន់នគរបាលប៉ុស្ដិ៍បឹងទំពុន២ ដើម្បីកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕បញ្ញា