កណ្តាលៈ បក្ខពួកចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោម៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ម៉ូតូជនរងគ្រោះម្នាក់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្រី្តនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ជិន លាប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ភ្នំមាស សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ។ ចំណែកបក្ខពួក២នាក់ ទី១.ឈ្មោះ គុង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៣.មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល១៩ឆ្នាំ កំពុងរត់គេចខ្លួន។
រី ជនរងគ្រោះឈ្មោះ សាន ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០A រស់នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួននេះគឺ ជាមេខ្លោងធ្វើសកម្មភាព ហើយក៏ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនផងដែរ។ ក្រៅពីឃាត់ខ្លួនជនស្ស័យរូបនេះសមត្ថកិច្ចនៅបានដកហូតកាំភ្លើងខ្លី១ដើម ម៉ាកK59 ក្រូមេពណ៌ស លេខ០៧៥៧ បង់១ និងគ្រាប់៨គ្រាប់ រួមទាំងម៉ូតូ១គ្រឿង ម៉ាក EXCITER ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ (ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះមិត្តភក្តិនៅភូមិកើតហេតុខាងលើ។ ពេលទៅជិតដល់ផ្ទះមិត្តភក្តិ ស្រាប់តែលេចមុខជនសង្ស័យគ្នា៣នាក់នេះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មកពីក្រោយស្រែកសម្លុតគំរាមឲ្យជនរងគ្រោះឈប់។ ខណៈនោះ ជនរងគ្រោះមិនបានឈប់ទេ ធ្វើឲ្យក្រុមជនសង្ស័យខឹងបានដកកាំភ្លើងខ្លីភ្ជង់ រួចជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ជិ នលាប បានស្ទុះយកម៉ូតូរបសើជនរងគ្រោះឡើងជិះរត់គេចខ្លួន។ ភ្លាមៗនោះ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញស្ទាក់ឃាត់ខ្លួនបានម្នាក់ ចំណែកជនសង្ស័យ២នាក់ទៀតជាបក្ខពួក ជិះគេចខ្លួនបាត់ស្រមោល។
ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនជាម្ចាស់កាំភ្លើង និងបានបបួលបក្ខពួក២នាក់ទៀតចេញធ្វើសកម្មភាពប្លន់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ អូន ធួក
