


ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ បានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រុម១ ភូមិ១ ផ្លូវ៤៧៨ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះ សារឿង ភេទប្រុស អាយុប្រហែល២៣ឆ្នាំរួមនិងកម្មករផ្សេងទៀតបាននាំគ្នាបុកគ្រឹះក្នុងការដ្ឋានខាងលើ ដោយជនរងគ្រោះបានយកខ្សែភ្លើងទៅដោតឌុយម៉ូទ័របូមទឹក តែមិនទាន់នឹងបូមផង ស្រាប់តែឆ្លងចរន្តភ្លើងឆក់ដួលដាច់ផ្ងារ។បន្ទាប់មកមេការ រួមនិងកម្មករផ្សេងគ្នាជួយធ្វើចលនាសង្គ្រោះបឋម និងបញ្ជូនតាមរម៉កកង់បីទៅសង្គ្រោះបន្ទាន់នៅគ្លីនីក លីស្រីវីណា តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យបានចុះទៅពិនិត្យសពជនរងគ្រោះដល់គ្លីនិកលីស្រីវីណា បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ហើយបច្ចុប្បន្នត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕បញ្ញា