


រាជធានីភ្នំពេញ ៖ស្ត្រីម្នាក់ជាជនជាតិខ្មេែរអុីស្លាម បានរត់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១ ប្រាប់ឲ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ឲ្យជួយអន្តរាគមន៍វិញ ព្រោះជាម្ចាស់ទឹកដីករណី ខណៈដែលចោទទៅលើមេការសន្ដិសុខរបស់ប្ដីខ្លួន ចាប់រំលោភបានសម្រេច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ព្រហស្បតិ៍ ១១កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅម្តុំលូ៥ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើដែលចោទគេចាប់រំលោភ មានឈ្មោះ ស ណ ម អាយុ៤៧ឆ្នាំ ជាជនជាតិអុីស្លាម។ចំណែកបុរសម្នាក់ដែលជាជនត្រូវចោទថាចាប់រំលោភ នៅមិនទាល់ស្គាលអត្តសញ្ញាណនោះទេ(រត់គេចខ្លួន)។
តាមសម្ដីស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់ទើបតែមកពីខេត្តកំពង់ចាម ដើម្បីមកលេងប្តីគាត់នៅភ្នំពេញ តែនៅថ្ងៃកើតហេតុ ត្រូវបានមេប្តីរបស់គាត់ដែលជាមេសន្តិសុខតំបន់បានសុំប្តីរបស់គាត់ថា ដឹកប្រពន្ធកូនចៅរបស់ខ្លួនមកកោសខ្យល់អោយប្រពន្ធរបស់គាត់នៅម្តុំលូ៥ ដែលជាកន្លែងកើតហេតុខាងលើ ខណៈដល់កន្លែងស្ងាត់ជននោះបានចាប់រំលោភរូបគាត់បានសម្រេចហើយក៏ដឹកគាត់បន្តរទៅកោសខ្យល់ឲ្យប្រពន្ធរបស់ខ្លួនទៀត ដោយប្រាប់ថា កុំមាត់ប្រាប់នរណាអោយសោះ ។
ក្រោយមក ដោយមានការសង្ស័យ ប្តីរបស់ខ្លួនស៊ើបសួរថាម៉េចទៅកោសខ្យល់អោយប្រពន្ធមេយូរម្ល៉េះ ទើបគាត់ប្រាប់ថា ត្រូវមេរបស់ខ្លួនចាប់រំលោភ បន្ទាប់មកប្តីរបស់ខ្លួនបានប្រាប់អោយទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិនគរបាលតែម្ដង ។
បើតាមសម្ដីលោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីដឹកនាំកម្លាំងចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ បានសង្កេតឃើញនៅកន្លែងកើតហេតុ មានផ្ទះប្រជាពលរដ្ឋនិងកន្លែងជាផ្លូវធំវ៉េងមានមនុស្សជិះឆ្លងកាត់ច្រើន ដូចជាមិនអាចប្រើបទល្មើសបានឡើយ។ ប៉ុន្តែសង្ស័យថា ភាគីអ្នកចោទអាចត្រូវរូវគ្នាចូលទៅកន្លែងផ្សេង បណ្ដាលឲ្យយូរ ធ្វើឲ្យប្ដីមានការសង្ស័យ ទើបប្រឌិតថាមេការប្ដីរបស់ខ្លួនចាប់រំលោភ ។
លោក នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ បានបន្តថា ទោះជាយ៉ាងណា លោកនិងបន្តតាមចាប់ជនត្រូវចោទមកសាកសួរបំភ្លឺពីរឿងហេតុនេះ ខណៈជនត្រូវចោទមិននៅផ្ទះ ដូចជាមានការគិចវេសពីរឿងនេះ ៕បញ្ញា