បើកឡានបុកបុរសម្នាក់​បណ្តាលឲ្យរងរបួសធ្ងន់ហើយបើកគេចបាត់

កណ្តាលៈ បុរសម្នាក់ ជិះម៉ូតូមួយ​គ្រឿងត្រូវរថយន្តមិនស្គាល់ម៉ាកមយយគ្រឿងបើកបុកទាំងកំរោល បណ្តាលឲ្យ​រងរបួសធ្ងន់ ហើយម្ចាស់រថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតកាលពីវេលាម៉ោង៧និង៣០នាទីយប់​ ថ្ងៃចន្ទ១៥កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ទី១ ខែមករា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ចំណុចភូមិសំរោងក្អែរ៣ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកៀនស្វាយ បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ ងិន សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិ សំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះបើកម៉ូតូម៉ាក​ហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BA-៧៥៤៦ ទិសដៅពីភ្នំពេញទៅអ្នកលឿង។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តមិនស្គាល់ម៉ាកមយយគ្រឿង បានបើកបត់លើផ្លូវថ្នល់មិនបានមើលគ្រប់ជ្រុងជ្រោយ ក៏បុកម៉ូតូ​ បណ្តាលឲ្យ​រងរបួសធ្ងន់ ចំណែក​ម្ចាស់​រថយន្ត បានបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុកកៀនស្វាយបានទៅដល់វាស់វែងនិងយកម៉ូតូ ដែលរងការខូចខាតរបស់ជនរងគ្រោះ ទៅ​រក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោងធំ ដើម្បីរង់ចាំដោះក្រុមគ្រួសារទៅទទួលយក ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *