សៀមរាប: មានករណីឃាតកម្មមួយបានកើតឡើង ដោយមានស្ត្រីម្នាក់ បានធ្វើសកម្មភាពច្របាច់ច្រមុះកូនខ្លួនឯងដែលទើបតែមានអាយុ២ខែ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨នៅភូមិច្បារលើ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយ ទារិកា ដែលស្លាប់នេះមានអាយុទើបតែ២ខែតែប៉ុណ្ណោះ។ ចំណែកជនល្មើសជាម្តាយមានឈ្មោះ ស៊ុម ស៊ីណូន អាយុ៣៨ឆ្នាំ ជាមនុស្សឆ្កួត ព្រោះផឹកស្រាជាប្រចាំ ហើយត្រូវប្តីរត់ចោលកាលពីខែមិថុនា ឆ្នាំ២០១៧ ដោយមូលហេតុនិយាយមិនស្តាប់ និងបន្សល់ទុកកូនស្រី៣នាក់ រស់នៅជាមួយម្តាយឈ្មោះ ម៉ៅ ជន អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ ក្នុងភូមិជាមួយគ្នា។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថា បច្ចុប្បន្នសមត្ថកិច្ចរបស់លោកបានសុំគោលការណ៍ពីថ្នាក់លើដើម្បីឃាត់ខ្លួនស្ត្រីខាងលើ យកទៅផ្តន្ទាទោសតាមនីតិច្បាប់ បើទោះបីដឹងថាគាត់ជាមនុស្សសតិមិនគ្រប់ក៏ដោយ ៕សម្បត្តិ
