ចាប់ឪពុកល្មោភកាម រំលោភកូនស្រីបង្កើតបានសម្រេច២ដង

ស្ទឹងត្រែងៈ បន្ទាប់ពីបែកធ្លាយរឿងចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនមានអាយុ១២ឆ្នាំ បានសម្រេចចំនួន២ដង កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឪពុកល្មោភកាម ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះយកទៅចាត់ការតាមច្បាប់ ។

ការឃាត់ខ្លួនឪពុកល្មោភកាមខាងលើ បានធ្វើឡើងកាលពីថ្ងៃពុធ២រោចខែមករា ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតែម្តង បន្ទាប់ពីសមត្ថកិច្ចហៅមកសួរនាំរួចរាល់។

លោក ដួង ស៊ីវត្ថា នាយការិយាល័យនគរបាលព្រហ្មទណកម្រិតធ្ងន់ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យ​ដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយសារតែមានពាក្យបណ្តឹងរបស់អ៊ុំប្រុស ដែលត្រូវជាបងបង្កើតរបស់ម្តាយក្មេងស្រីរងគ្រោះ បន្ទាប់ពីបានដឹងថា ក្មួយស្រីរបស់គាត់ ត្រូវឪពុកបង្កើតចាប់រំលោភបានសម្រេចរហូតដងទៅ២ដង។

លោកបានបញ្ជាក់ថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបា​នសម្រេចចំនួន២ដងរួចមកហើយនោះ ក្មេងស្រីរងគ្រោះក៏បានប្រាប់ម្តាយនាងផងដែរ។ ប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះក្លាចប្តីរបស់ខ្លួនវាយធ្វើបាប។ លុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យ គឺដោយសារតែក្មេងស្រីរងគ្រោះ បានទៅលេងអ៊ុំបង្កើតរបស់នាង ដែលរស់នៅឯខេត្តកំពង់ចាម។ ភ្លាមនោះអ៊ុំបង្កើតរបស់នាង ក៏បាននាំនាងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលនៅខេត្តកំពង់ចាមដែរ ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះទេ ព្រោះខុសទឹកដី។

ក្រោយមកអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានធ្វើដំណើរមកខេត្តស្ទឹងត្រែង ដើម្បីដាក់ពាក្យប្តឹង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ភ្លាមលោក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានបញ្ជាកម្លាំង ដើម្បីនាំខ្លួនជនសង្ស័យដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងព្រមទាំងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការ​ទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *