មានជំងឺប្រចាំកាយលួចទៅចងកសម្លាប់ខ្លួន ពេលម្តាយដេកលក់មួយភាំង

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេឃើញបុរសម្នាក់មានជំងឺប្រចាំកាយ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នៅលើដើមត្រសេក នៅវេលាម៉ោ៦ព្រឹក ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៨​ ស្ថិតក្នុងភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ​ ឈ្មោះ ផាត គន្ធា ហៅ ទន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមគ្រួសារអះអាងថា បុរសនេះភ្លេច​ភ្លាំង​ច្រើន និងមិន​ដេក ពេញមួយយប់ បានដើរចេញពីផ្ទះ ទៅធ្វើអត្តឃាត ។

ម្តាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់(ជនរងគ្រោះ) បាននៅផ្ទះជាមួយគាត់ជាម្ដាយ ហើយ​សព្វថ្ងៃមានជំងឺប្រចាំកាយ និងភ្លេចភ្លាំង​​ ច្រើនតែរវើរវាយ ។ ដោយឡែកនៅថ្ងៃកើតហេតុកូនប្រុស​មិន​​ដេក​ពេញមួយយប់ ។ ដោយឃើញសភាពកូនមិនស្រួលគាត់បាននៅចាំមើលកូនពេញមួយយប់ ​រហូតគាត់ងងុយខ្លាំងពេក ក៏​ដេក​បាត់ទៅ។

ស្រី្តជាម្តាយជនរងគ្រោះបានបន្តថា ខណៈគាត់​ដេកលក់មួយភ្លែតកូនប្រុសបានដើរចេញពីផ្ទះ​បាត់ ក្រោយមកគាត់ភ្ញាក់ឡើង មិនឃើញកូនក៏ដើរតាមរកតែរកមិនឃើញ។ រហូតដល់ម៉ោងកើតហេតុ ទើបគាត់ទទួលដំណឹងថា កូនរបស់គាត់បាន ចងកស្លាប់​ នៅលើដើមត្រសេកបាត់ទៅហើយ ទើបប្តឹងនគរបាលជំនាញចុះទៅពិនិត្យសព ​។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី នៅក្នុង វត្តច័ន្ទបុរីវង្ស ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ  បន្ទាប់ពីបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *