ស្គាល់គ្នាពីរ​ទៅ​បីថ្ងៃប្រុសថ្លៃសុីដាច់ម៉ូតូអូនបាត់​

 

 

ភ្នំពេញ៖បុរសដែលជាជនសង្ស័យម្នាក់យកម៉ូតូសង្សារទៅបាត់ជិតមួយខែ ដល់ថ្ងៃស៊យជិះមកជួបម្ចាស់ឃើញវិញ​ស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋចាប់ប្រគល់ឲ្យ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍មនោរម្យ។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩:៣៥នាទីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៣កើត​ខែ​មាឃ​ឆ្នាំ​រកា​ ព​ស​២៥៦១ត្រូវ​នឹង​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកឌឿងហែម ក្រោមភោជនីយដ្ឋានថ្មដាសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​យោង​តាមពាក្យបណ្តឹងជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីណែត អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ភូមិអណ្តូងប្រាំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ម៉ូតូដែលជនសង្ស័យយកទៅម៉ាកហុងដាអាយខន ស្លាកលេខភ្នំពេញ 1-AM.9474 ហើយត្រូវបានជនសង្ស័យដោះស្លាកលេខចោលដាក់ស្លាកលេខថ្មី កណ្តាល 1V-1590។ចំណែកជនសង្ស័យ មានឈ្មោះ ចាន់ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅម្ដុំផ្សារទឹកថ្លា​ខណ្ឌ​សែនសុខ​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ មុនកើតហេតុជនរងគ្រោះទើបតែស្គាល់ជនសង្ស័យបានតែ២ថ្ងៃទេ ហើយបានដើរលេងជាមួយគ្នា ដោយជនសង្ស័យជិះរថយន្តមួយគ្រឿង​។ចំណែកជនរងគ្រោះជិះម៉ូតូ រួច​ជនសង្ស័យឲ្យជនរងគ្រោះយកម៉ូតូទៅផ្ញើនៅម្តុំមន្ទីរពេទ្យលោកសង្ឃ ដើម្បី​ឡើងជិះរថយន្តដើរលេងជាមួយគ្នា​ ខណៈ​ដែល​ដើរលេង ជនរងគ្រោះឈឺនោមក៏ចុះពីរថយន្តទៅរកបន្ទប់ទឹក ដោយសោរម៉ូតូ និងសំបុត្រផ្ញើនៅក្នុងរថយន្តផងនោះ ពេលជនរងគ្រោះចុះរកបន្ទប់ទឹក ជនសង្ស័យក៏បើករថយន្តចេញមកបាត់ ។ ភ្លាមនោះជនរងគ្រោះមកពីបន្ទប់ទឹកវិញមិនឃើញជនសង្ស័យ ក៏បានហៅម៉ូតូឌុបជិះមកកន្លែងផ្ញើម៉ូតូ ដើម្បីមករកម៉ូតូ តែរកមិនឃើញព្រោះជនសង្ស័យបានមកយកម៉ូតូចេញទៅបាត់ហើយ។

ក្រោយពេលដឹកថាជនសង្ស័យលួចយកម៉ូតូទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មី​ដើម្បី​ស្វែង​រក​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។រហូត​ដល់​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ស្រាប់​តែ​ឃើញ​ជនសង្ស័យ​ក៏​នាំ​គ្នា​ឃាត់ខ្លួន​អោយ​កម្លាំង​នគរ​បាល​ប៉ុស្ថិ៍មនោរម្យដើម្បីធ្វើការសាកសួរនិងចាត់ចែងទៅតាមផ្លូវច្បាប់ ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *