ឆ្នាំ២០១៧បង្ក្រាបជនបរទេសប្រព្រឹត្តល្មើសនៅកម្ពុជាចំនួន៣០ករណី ឃាត់ខ្លួន៦៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍អនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០១៧កន្លងទៅ បានឲ្យដឹងថា ពេញ១ខែធ្នូ ឆ្នាំ២០១៧ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបជនបរទេស ដែលប្រព្រឹត្តិបទល្មើសផ្សេងៗ ក្នុងប្រទេសកម្ពុជាចំនួន៣០ករណី មាន១០សញ្ជាតិ ឃាត់ខ្លួនមនុស្សចំនួន៦៦នាក់។

តាមរបាយការណ៍នោះបញ្ជាក់ថា ក្នុងចំណោមជនបរទេសប្រព្រឹត្តល្មើសទាំង៦៦នាក់ នោះនគរបាលជំនាញបានពិនិត្យរកឃើញចំនួន៤១នាក់ ដែលលួចមករស់នៅកម្ពុជា ដោយខុសច្បាប់។ ក្រៅពីការបង្ក្រាបជនបរទេសនេះ ក៏មានជនបរទេសរងគ្រោះ ដោយបទល្មើសផ្សេងៗចំនួន​១៩ករណី មាន១០សញ្ជាតិ ស្លាប់ម្នាក់ និងរងរបួស៣នាក់។ ក្នុងនោះជនបរទេស រងគ្រោះដោយឧប្បទ្ទវហេតុផ្សេងៗ មានចំនួន២០ករណី មាន១១សញ្ជាតិ ស្លាប់ចំនួន១៥នាក់ និងរងរបួសចំនួន​៧នាក់ (ស្រីម្នាក់)។ជាមួយនេះដែរ នគរបាលជាតិក៏បានទទួលពាក្យបណ្ដឹង ពីជនបរទេសចំនួន​៦៣ករណី មានចំនួន៤ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ចំនួន៣០បណ្ដឹង, សៀមរាប២៦បណ្ដឹង, ព្រះសីហនុ៤បណ្ដឹង និងខេត្តបាត់ដំបងចំនួន៣បណ្ដឹង។ ក្នុងនោះបានដោះស្រាយពាក្យ​បណ្ដឹង​ចំនួន៤៩ករណី ចេញលិខិតបញ្ជាក់១៦ច្បាប់ សហការស្រាវជ្រាវបន្ដចំនួន៣ករណី និងរកឃើញវត្ថុនានា ប្រគល់ជូនភ្ញៀវវិញចំនួន១៣​ករណី។

របាយការណ័បញ្ជាក់ទៀតថា អគ្គស្នងការរដ្ឋាននគរបាលជាតិ ក៏បានរឹតបន្ដឹងច្បាប់បន្ថែមទៀត ការពាររក្សាសនិ្ដសុខដល់ជនបរទេស ដែលបានចាត់តាំងកម្លាំងល្បាត និងប្រចាំការ តាមបណ្ដារមណីយដ្ឋាននានា កន្លែងកម្សាន្ដសប្បាយ តំបន់ទីប្រជុំជន ដែលមានភ្ញៀវទេសចរច្រើន និងគោលដៅសំខាន់ៗទូទាំង​រាជធានី-ខេត្ត និងបានផ្សព្វផ្សាយណែនាំ នៅតាមបណ្ដាគោលដៅ អាជីវកម្មឲ្យចូលរួមការពារថែរក្សាទ្រព្យសម្បត្តិភ្ញៀវទេសចរ និងសហការ​ជាមួយអង្គភាពឈរជើងតាមគោលដៅនីមយយៗ និងក្រសួងមន្ទីរពាក់ព័ន្ធ ក្នុងរាជធានី-ខេត្តឲ្យបានយ៉ាងល្អប្រសើរឡើងផងដែរ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *