ទៅស៊ីឈ្នួលកាប់អំពៅនៅថៃ ឈឺពោះសម្រាលកូនស្រីម្នាក់នៅក្រោមដើមឫស្សី

ប្រទេសថៃ÷ស្រ្តីខ្មែរម្នាក់ខណៈមានផ្ទៃពោះ៨ខែមិនឈប់សម្រាកនៅផ្ទះដើម្បីថែសុខភាពឲ្យមាំមួនរង់ចាំសម្រាលកូនបានស្រួលបួលនោះទេ ផ្ទុយទៅវិញបែរជា ស៊ីឈ្នួលកាប់អំពៅនៅ​ទឹកដីថៃ រហូតឈឺពោះសម្រាលបានកូនស្រីម្នាក់ដ៏ទ្រលុកទ្រលន់នៅក្រោមដើមឫស្សី គ្រាដែលម្ចាស់ចំការខំ ទូរសព្ទ័រាយការណ៍ទៅ មណ្ឌលសុខភាព”ថាប់ព្រិក ប្រទេសថៃ”ឲ្យមកជួយបង្កើតកូននៅទីនេះប្រកបដោយសុវត្ថិភាព។

ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី ព្រឹក ថ្ងៃ អាទិត្យ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅបរិវេណចំការអំពៅ ក្នុងភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា-ថៃ ហើយ ទាំងម្ដាយទាំងកូនស្រីដែលទើបសម្រាលនោះ មានទម្ងន់២.៥០០ក្រាម មានសុខភាពល្អ ណាស់ ហើយម្តាយឪពុករបស់គេបានដាក់ឈ្មោះថា«អាសី»ព្រោះកូនកើតក្រោមដើមឫស្សី ។

ប្រភពព័ត៌មានពីកម្មករទៅស៊ីឈ្នួលកាប់អំពៅនៅព្រំដែនខ្មែរ-ថៃ បានឲ្យដឹងថា មុនពេលកើតហេតុ មានស្រ្តីពលករជនជាតិខ្មែរ​ម្នាក់ ដែលមានផ្ទៃពោះ៨ខែគត់បាន ទៅស៊ីឈ្នួលកាប់អំពៅជាមួយស្វាមីនិងអ្នកភូមិជាច្រើននៅទឹកដីថៃ។ ខណៈកំពុងធ្វើការ​សុខៗស្រាប់តែនាងមានអាការៈឈឺពោះយ៉ាងខ្លាំង ធ្វើឲ្យ ម្ចាស់ចំការភ័យបានទូរសព្ទ័ទៅកាន់ លោក វិ ឈីតក្រៃ ប្រធានមណ្ឌលសុខភាព ថាប់ព្រិករបស់ថៃ ដែលកំពុងដាំដើមឈើ ក្នងចំការក្បែរនោះ ជួយយកឧបករណ៍បង្កើតកូនយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ទៅជួយបង្កើតកូនភ្លាមៗនៅក្រោមដើមឫស្សីតែម្តង។

បើយោងតាមការចុះផ្សាយ តាមគេហទំពរ័ក្នុងស្រុករបស់ថៃបានឲ្យដឹងថា ចំណុចបង្កើតកូននោះនៅក្រោមដើមឫស្សី ក្នុងចំការឫស្សី ហើយ ទារកដែលកើតមកនោះភេទស្រីមានទម្ងន់២.៥០០ក្រាម ត្រូវបានឪពុក-ម្ដាយដាក់ឈ្មោះថា «អាសី» ព្រោះវាកើតក្រោមដើមឫស្សី ។ បន្ទាប់មកទើបក្រុមគ្រូពេទ្តនិងឆ្មបបានបញ្ជូនទៅកាន់មណ្ឌលសុខភាពថាប់ព្រិក ដើម្បីថែរក្សាព្យាបាលតាមក្បួនវេជ្ជសាស្រ្ត ទាំងម្ដាយនឹងកូនព្រមទាំងបានទាក់ទងមន្រ្តីជំនាញ បញ្ជូនមកកម្ពុជាវិញ។

សូមបញ្ជាក់ផងដែរថា: កាលពីប៉ុន្មានឆ្នាំមុន មណ្ឌលសុខភាពខាងលើ ក៏ធ្លាប់បានបង្កើតកូននៅព្រឹកថ្ងៃមួយដែរ ខណៈដែលមានរថយន្តកំពុងដឹកកម្មករខ្មែរ ទៅកាប់អំពៅ ហើយក៏មានស្រ្តីខ្មែរម្នាក់ ដែលមានផ្ទៃពោះជិតគ្រប់ខែ ចាប់ផ្ដើមឈឺពោះ។ ភ្លាមៗនោះទើបអ្នកបើកបររថយន្ត នាំមកមណ្ឌលសុខភាពថាប់ព្រិក ដើម្បីឲ្យគ្រូពេទ្យបង្កើតកូនតាមសម្រួលផងដែរ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *