ម្តាយដើររកកូនស្រីមិនឃើញ អស់កម្លាំងដួលសន្លប់លើថ្នល់

ភ្នំពេញ : គួរឲ្យខ្លោចផ្សារណាស់ដែលស្ត្រី​ម្នាក់​​បាន​បាត់​កូនស្រី​ទោលអាយុ១៦ឆ្នាំ​រយៈពេល៥ថ្ងៃ​ហើយមិនឃើញវិលត្រឡប់មកផ្ទះវិញ ខំកាន់រូបថតដើរសួរគេឯងគ្រប់ទីកន្លែង តែរកមិនឃើញ រហូតអស់កម្លាំងល្ហិតល្ហៃបាន​ដួល​ដាច់​ផ្ងារ​សន្លប់​នៅលើថ្នល់​ទាំង​កណ្ដាលអធ្រាត្រ។

ឧប្បត្តិហេតុនេះកើតឡើងកាលពី​វេលា​ម៉ោង ២ និង ១០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែមករា​ឆ្នាំ ២០១៨ នៅ ​តាម​បណ្ដោយ​ផ្លូវ​លេខ ២០៥ ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ ២ ខណ្ឌចំការមន ហើយត្រូវ​អ្នក​រស់នៅក្បែរនោះជួយយកអាសារគក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញ ព្រមទាំងទូរស័ព្ទហៅរថយន្តសាមុយ ដឹកទៅកាន់មន្ទីរពេទ្យភា្លមៗ ។

ស្រី្តអភ័ព្វរូបនេះ បានកាន់រូបថតកូនស្រីក្នុងដៃនិងប្រាប់គេឯងទាំងសំឡេងខ្សាវៗថា គាត់ទើបមកពីខេត្ត ហើយបានដើររក ​កូនស្រី​ឈ្មោះ កា​កា អាយុ 16 ឆ្នាំ ដែល​បាត់ពីផ្ទះអស់​រយៈពេល ៥ ថ្ងៃមកហើយ  ។ ពេលមកដល់ក្រុងភ្នំពេញនេះ គាត់ជិះម៉ូតូឌុបដើររកគ្រប់ទី​កន្លែង​តែរកមិនឃើញទេ រហូតថ្ងៃនេះ គាត់អស់កម្លាំងខ្លាំងពេកក៏ដេកដួលនៅទីនេះតែម្តងទៅ ។

យ៉ាងណានាពេលនោះ មាន​បងប្អូន​ប្រជា​ពលរ​ដ្ឋរស់នៅជិត​នោះបានត្រឹម​នាំគ្នា​ជួយ​រឹត​ទ្រូង​និង​រឹត​ប្រេងកូឡា​លើខ្លួនប្រាណឲ្យនាង​បាន​ឲ្យ​ដឹងខ្លួន​និង​ធូរស្បើយ​បន្តិច រួច​ក៏មាន​រថយន្ត​សាមុយ​ដឹក​ស្ដ្រី​ខាងលើ​ទៅ​មន្ទីរពេទ្យ​តែម្ដងទៅ ដោយមិនបានបរិយាយប្រាប់រឿងលម្អិតនៃ ការបាត់កូនក្រមុំអាយុ១៦ឆ្នាំនេះឲ្យគេឯងដឹងនោះទេ ៕អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *